ភ្នំពេញ៖ ការសិក្សាមួយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ចនៅតំបន់អាស៊ី បានបង្ហាញថា កម្ពុជានឹងក្លាយជាទិសដៅកាន់តែទាក់ទាញសម្រាប់គម្រោងរោងចក្រឧស្សាហកម្ម ជាពិសេសកាត់ដេរ ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ក្រុមហ៊ុនផ្តល់ប្រឹក្សា Dezan Shira & Associates បានឱ្យដឹងថា កិច្ចព្រៀព្រៀង RCEP នេះនឹងជួយបង្កើនការវិនិយោគលើវិស័យកម្មន្តសាលជាពិសេសកាត់ដេរម្លៀកបំពាក់នៅប្រទេសទាំងបីរួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ព្រោះកម្លាំងពលកម្មនៅទាប បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។
ក្រុមអ្នកស្រាវជ្រាវនៃក្រុមហ៊ុន Dezan Shira & Associates បាននិយាយថា៖ «កម្ពុជា មីយ៉ាន់មារ និងឡាវ នឹងទទួលបានការវិនិយោគច្រើនជាងគេលើវិស័យកម្មន្តសាល ពីវិនិយោគិនមកពីប្រទេស អូស្ត្រាលី ជប៉ុន នូវែលសេឡង់ សិង្ហបូរី និងកូរ៉េ ខាងត្បូង ដែលប្រទេសទាំងនេះសុទ្ធសឹងតែមានតម្លៃផលិតកម្មខ្ពស់»។
RCEP គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស ដែលរួមមានសមាជិកអាស៊ានទាំង១០ប្រទេស រួមជាមួយដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយរំពឹងដាក់ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ។
យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ក្រោយពី កិច្ចព្រមព្រៀងនេះចូលជាធរមាន ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧.៣% ក្នុងមួយឆ្នាំ ស្របពេលដែលការវិនិយោគនឹងកើនឡើង ២៣.៤% ហើយផលិតផលក្នុងស្រុកសរុប(GDP) នឹងកើនប្រមាណ ២% បើធៀបនឹងGDP ដែលមាននាពេលបច្ចុប្បន្ន៕
ដោយ៖CEN