ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ ពិព័រណ៍ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នេះ នឹងផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាស៊ាន និងចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិបានបន្តថា សន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងព្រឹតិ្តការណ៍ដ៏សំខាន់នេះ នឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សម្តេចតេជោ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។ សម្តេចតេជោ ក៏នឹងមានប្រសាសន៍ផងដែរអំពីការខិតខំរបស់កម្ពុជា សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។
ប្រភពដដែលបានបញ្ជាក់ថា ពិព័រណ៍អាស៊ាន-ចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាក្នុងវិស័យសេដ្ឋកិច្ចរវាងអាស៊ាន និងចិន។ វេទិកានេះក៏បានផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍៕
ដោយ៖CEN