ភ្នំពេញ ៖ ពិធីបុណ្យសព តារាចម្រៀង សាន ស្រីឡៃ ត្រូវបានគណៈកម្មការអាចារ្យវត្តសែនសុខ បានចេញវិក្កយបត្រទូទាត់តម្លៃ លើការចំណាយពិធីបុណ្យសព អស់ជិត៣ពាន់ដុល្លារ ថ្លៃដែលកំពុងតម្កល់ ធ្វើបុណ្យនៅវត្តសែនសុខ ដើម្បីរង់ចាំបូជា នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០១៧ នេះ។ ប៉ុន្តែអាចារ្យ មាស សំណាង មកស្រាយថា គម្រោងសសេរចាយវាយទាំងនេះមិនមែនជាគំនិតរបស់លោកឡើយ ហើយម្យ៉ាងទៀត ចៅអធិការវត្តសែនសុខ បានឆ្លើយដោះដៃ។
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស បានឲ្យដឹងថា អាចារ្យវត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ បានទាមទារលុយថ្លៃតម្កល់សព ថ្លៃអាចារ្យ ថ្លៃរៀបចំពិធី និងក្តារមឈូសចំនួន២៦០០ដុល្លារ ។
លោក មាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ ដែលទាមទារលុយនោះឈ្មោះ ចាន់ សំណាង ដែលបានទាមទារលុយដូចជា ទី១ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២ អាចារ្យយោគី ៥០០ដុល្លារ ទី៣ សម្រាប់វត្តចាត់ចែងពិធី ៧០០ដុល្លារ ទី៤៖ ក្តារមឈូស ១៥០ដុល្លារ។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលជាអាចារ្យរូបនោះ បានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។
លោក មាស រិទ្ធី បាននិយាយថា ក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺពាក្យសម្តីរបស់អាចារ្យ ចាន់ សំណាង និយាយមាក់ងាយធ្ងន់ៗថា ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត។ លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ។
ជាមួយគ្នានេះ ព្រះចៅអធិការវត្តសែនសុខ មានសង្ឃដីកាថា ករណីអាចារ្យទៅទារលុយ ថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងទេ ហើយអាចារ្យរូបនេះ មិនមែនជាអាចារ្យប្រចាំវត្តសែនសុខដែរ ។ អាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ។ នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្ត គ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយ ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្ត ទើបវត្តទទួលយក។ អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំ (គ្រូបង្រៀនអាចារ្យ)។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីចាត់ចែងពិធីបុណ្យសព តារាចម្រៀង សាន ស្រីឡៃ ។
ជានឹងករណីនេះដែរ បើតាមផេកហ្វេសប៊ុក លោកខាន់ ចាន់សុផល បានសរសេររៀបរាប់ថា “ខ្ញុំស្គាល់ឯ.ឧ មាស សំណាង ជាង ៦ឆ្នាំហើយ ហើយលោកក៏ជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ឋានៈស្មើអនុរដ្ឋលេខាធិការ ឬ ក៏មានរហស័នាមមួយទៀតថា ជា ឯ.ឧ អាចារ្យ ក្មេងដែលសិក្សាបានជ្រៅជ្រះ និង រាល់គ្រប់កម្មវិធីបុណ្យធំៗថ្នាក់ជាតិ គឺតែងមានមុខគាត់ជាពិសេស ការពឹងពាក់អាចារ្យ ដែលមានភាព វាងវៃ ច្បាស់ការ “។
លោកខាន់ ចាន់សុផល ក៏បានបញ្ជាក់ផងដែរថា ដើមរឿង ៖ គាត់មិនមែនជាអាចារ្យនៅវត្តសែនសុខនោះឡើយ ហើយរាប់អានជាមួយ ចៅអធិការវត្តនោះ ។ ដោយថ្ងៃកើតហេតុ ផ្ទះគាត់នៅជិតវត្តនោះ ក៏បានឃើញគេដឹកសព សាន ស្រឡៃ ដាក់តម្កល់នៅកន្លែងដ៏តូចមួយ ក្បែរបងវត្ត ។ លោក មាស សំណាង ក៏មានចិត្តអាណិត ឈឺឆ្អើល និងបានឃើញព័ត៌មានបង្ហោះព្រោងព្រាត ពីសកម្មភាពនៃការបាញ់ជនរងគ្រោះ រហូតដល់ស្លាប់ និងបានដឹកសពយកមកទុកនៅវត្ត មិនទាន់មានបងប្អូនអើពើ ទើបលោកបានសុំចៅអធិការវត្ត ឥ្យយកសពនេះដាក់មកក្នុងបរិវេណវត្តក្បែរសាលាឆាន់ ព្រោះមានមនុស្សជាច្រើនរយនាក់
បានមកចោមរោម មើលសកម្មភាពដឹកសពយកមក និងបរិវេណខាងក្រៅមិនគ្រប់គ្រាន់ និងទទួលមនុស្ស ច្រើនកុះករ បែបនេះឡើយ ។
និយាយរួច បានប៉ុន្មានម៉ោង ក៏មានខាងទូរទស្សន៍ហង្សមាស ប្រកាសតាមសារព័ត័មានថានឹងទទួលចាត់ចែង រាល់ការចំណាយបុណ្យសព របស់នាងទាំងអស់ ។ ដោយសារ លោកគិតថា ទូរទស្សន៍ហង្សមាស មានមុខមាត់ល្បីឈ្មោះនៅកម្ពុជា ចេញមុខជួយហើយ លោក សំណាងក៏បានហៅក្រុមការងារហង្សមាស ដែលមកជាតំណាង ឲ្យទៅជួបព្រះចៅអធិការវត្ត ដើម្បីសុំទីតាំងរយៈពេល៣ថ្ងៃ ដាក់តម្កល់សព និងចៅអធិការវត្តសង្ឃឹមថា ក្រុមអ្នកចាតចែងនោះពេលចប់រួចរាល់ និងប្រគេនបច្ច័យខ្លះៗ ទុកសម្រាប់ការប្រើប្រាស់ចំណាយក្នុងវត្ត និងសល់ខ្លះទុកឲ្យវត្តយកទៅកសាងនេះនោះទៅ។ ហើយលោកក៏បានរៀបចំអាចារ្យភ្លុក ៥ នាក់ ទៅតាមទំនៀមទម្លាប់ខ្មែរបុរាណឲ្យខ្ពស់មុខខ្ពស់មាត់ សក្តិសមទៅនឹងការចេញមុខ របស់ទូរទស្សន៍ហង្សមាស ក្នុងការធ្វើបុណ្យសពឲ្យតារា “។
លោកខាន់ ចាន់សុផល បានក៏បានដកស្រង់សម្តី លោកសំណាង មកយ៉ាងដូច្នេះថា ៖ “គម្រោងសសេរចាយវាយទាំងនេះ មិនមែនជាការសសេរ ឬគំនិតរបស់លោកឡើយ តែបែរជាសារព័ត៌មាន បានចុះដោយគ្មានការពិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក យ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងទៀតចៅអធិការវត្តបានឆ្លើយដោះដៃទៀត បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ ។ ជាចុងបញ្ចប់លោក មាស សំណាងដែលបានជួយឈឺឆ្អើលរឿងសព តែបែរជាគេចោទលោកថា បានទៅទារលុយ ពីទូរទស្សន៍ហង្សមាស លោកថាមិនពិតទេ ព្រោះលោក មិនបានទៅពាក់ព័ន្ធរឿងលុយកាក់បុណ្យសពដែរ ។ សារព័ត៌មាន គួរតែចុះផ្សាយសួរបំភ្លឺភាគីពាក់ព័ន្ធជាមុនសិន មុននឹងធ្វើការចុះផ្សាយ” ។
ក្នុងនោះលោកសុផល បានបញ្ជាក់បន្ថែមថា “ចំពោះទស្សនៈខ្ញុំវិញគិតថា ៖ ទូរទស្សន៍ហង្សមាសមានលុយច្រើនណាស់ ត្រឹមបុណ្យសពមួយ ចំណាយមិនដល់ជាង ២ពាន់ដុល្លាផង តែបែរជាឈ្លោះគ្នា រឿងលុយមុនបាត់ទៅហើយ ។ បើទុកតម្កល់សព ដល់ទៅ ៣ថ្ងៃ ប្រគេនបច្ច័យ ដល់ចៅអធិការវត្ត ១លាន រៀល ឬ ២ លានរៀល វាគ្មានសី្អធំដុំទេ ហើយអាចារ្យភ្លុក នៅសូត្រធម៌ ៣ថ្ងៃជាប់ទាំងយប់ និងថ្ងៃ ដល់ទៅ៥នាក់ ក្នុង១ថ្ងៃ១០ម៉ឺនរៀល ក៏វាមិនច្រើនដែរ ។ លោក អាចារ្យ មាស សំណាង ត្រៀមនឹងជួយចេញថ្លៃចាត់ចែងសព ជាង ១២០០ ដុល្លារ បើគ្មាននរណាម្នាក់ចេញលុយថ្លៃសពនាង សាន ម៉ាឡៃ ព្រោះលោកថា សពតារាល្បីមួយផ្អើលពេញប្រទេស ធ្វើបុណ្យមិនដល់២ពាន់ផង បែរជាឈ្លោះគ្នាបែកផ្សែង ហើយចោទប្រកាន់លោកទៅវិញថា ជាអាចារ្យ ទារលុយសព ចិត្តល្អរន្ទះបាញ់មែន”។
ទោះយ៉ាងណា ករណីនេះ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ៕ ដោយ៖ជាលី