Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការបើក​ជំនុំជម្រះ​លើ​សំណុំរឿង​អតីត​ក្រុមប្រឆាំង​១២៩​នាក់ ពាក់ព័ន្ធ​ករណី​ផែនការ «៩ វិច្ឆិកា​» ខណៈ​លោកស្រី​រ៉ូ​ណា​ស្មី​ត បាន​សំដែង​កង្វល់​យ៉ាងខ្លាំង​

spot_img

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​របស់​ក្រុមប្រឆាំង​ចំនួន​១២៩​នាក់ ពាក់ព័ន្ធ​ករណី​ការចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ (​ព្រឹត្តិការណ៍ ៩ វិច្ឆិកា​) របស់​ទណ្ឌិត សម រ​ង្ស៉ី​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ខណៈ ពេលដែល​លោកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​សំដែង​កង្វល់​យ៉ាងខ្លាំង​អំពី​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​មួយ ដែល​នឹង​កើតមាន​ទៅលើ​បុគ្គល​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សវនាការ​នេះដែរ គឺមាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ចំណែក​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ​លោក កើត សាំង និង​លោក អ៉ឹ​ម វណ្ណ​: ជា​ចៅក្រម​ប្រឹក្សា​។​

​ក្រុម​អតីត​សមាជិក​បក្សប្រឆាំង​ចំនួន​១២៩​នាក់ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​ជំនុំជម្រះ​ទោស​លើ​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ដីកា​កោះហៅ​នេះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ នៅ​អតីត​ស្នាក់ការ​អតីត​គណបក្ស​ស​ង្គោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក សម រ​ង្ស៉ី និង​បក្ខពួក​៨​នាក់​ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ «​ឧបឃាត​» តាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩ ។ បន្ទាប់ពី​បើកសវនាការ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​ទទួលបាន​លទ្ធផល​យ៉ាងណា​នៅឡើយ ចំពោះ​សំណុំរឿង «​ឧបឃាត​» នេះ ហើយ​តុលាការ​នឹង​បន្ត​បើកសវនាការ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ។

​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ៖​ផែនការ នៃ​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម ដែល​អំពាវ​ឱ្យ​កងទ័ព​បំបែក​ខ្លួន​កាលពី​ឆ្នាំមុន​នោះ គឺជា «​រដ្ឋប្រហារ​» ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

​ចំណែក​លោកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​សារ​នៅលើ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ អ្នក​គ្រប់​ថ្ងៃទី 26 វិច្ឆិកា​នេះ​ថា​”​ខ្ញុំ​មាន​កង្វល់​យ៉ាងខ្លាំង​អំពី​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​មួយ ដែល​នឹង​កើតមាន​ទៅលើ​បុគ្គល​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​ត្រូវបាន​រំលាយ​។ ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្តបាន​ចង្អុលបង្ហាញ​អំពី​ការជំនុំជម្រះ​ក្តី​ជាច្រើន ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ដែល​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន ១១៣ នាក់ ដែរ ដែល​ត្រូវបាន​កោះហៅ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ មនុស្ស​ជាច្រើន​នាក់​ទៀត ត្រូវបាន​កោះហៅ​សម្រាប់​ការជំនុំ ជម្រះ​ក្តី​មួយ​នៅក្នុង​ខែធ្នូ​។ ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​កើតចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​នីតិវិធី​ត្រឹមត្រូវ ដែល​បាន​បង្កើតឡើង​យ៉ាងរឹងមាំ ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​”៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×