Monday, December 6, 2021

ចិន​សម្ភោ​ធ​មហាសន្និបាត​បក្ស​លើក​ទី​១៩ ដើម្បី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​១០​នេះ មហាសន្និបាត​លើក​ទី​១៩ របស់​គណបក្ស​កុម្មុយនីស្ត​ចិន បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ក្រុង​ប៉េកាំង​។ មហាសន្និបាត​និង​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​មួយ របស់​ប្រទេស​ចិន​ក្នុងអំឡុង​៥​ឆ្នាំ​ខាងមុខ​ទៀត​។​

មហាសន្និបាត​នេះ​មានការ​ចូលរួម​របស់​សមាជិក​២២៨០​នាក់ ដែល​តំណាង​ឲ្យ​បក្ស​ជន​ប្រមាណ​៨៩​លាន នៅ​ពាសពេញ​ប្រទេស​ចិន​។ ប្រៀបធៀប​ជាមួយ​ចំនួន​សមាជិក​ដែល​មុន​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានប្រកាស​គឺមាន​ចំនួន​តិចជាង​៧​នាក់ មានន័យថា សមាជិក​តំណាង​៧​រូប ត្រូវបាន​ផាត់​ចេញពី​បញ្ជី​នៅ​នាទីចុងក្រោយ ។​

​កិច្ចប្រជុំ​បិទទ្វារ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​មហាសាល​ប្រជាជន​ក្រុង​ប៉េកាំង​ពីថ្ងៃ​ទី​១៨ ខែ​១០ ដល់​ថ្ងៃទី ២៤ ខែ​១០ សំដៅដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ចំពោះ​ជោគវាសនា​របស់​ចិន​អំឡុង​៥​ឆ្នាំ​ខាងមុខ​។​

​មហាសន្និបាត​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​២០០​នាក់ និង​សមាជិក​បំរុង​គណៈកម្មាធិកា​រ​កណ្តាល​១០០​នាក់ របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​។ នៅក្នុង​សន្និបាត​នេះ សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ចាស់​ប្រមាណ​ពាក់កណ្តាល​ត្រូវបាន​ជំនួស​ដោយ​សមាជិក​ថ្មី​។​

មហាសន្និបាត​លើក​ទី​១៩ របស់​បក្ស​កុ​ម្មុយ​នី​ស​ចិន​បើក​សម្ភោ​ធ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​១០ នៅ​ក្រុង​ប៉េកាំង​

​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​ព្រមទាំង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ រួមមាន​សមាជិក​២៥​នាក់ ក្នុងចំណោម​នោះ​មាន​៧​រូប នឹង​ត្រូវបាន​បោះឆ្នោត​ចូល​ជា​សមាជិក​គណអចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​។​

​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​អាណត្តិ​ថ្មី​តាម​គម្រោង​នឹងត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៥​ខែ​១០ បន្ទាប់ពី​មហាសន្និបាត​បក្ស​បញ្ចប់​នៅ​ថ្ងៃទី​២៤​ខែ​១០ ។​

​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នេះ មាន​ភារៈកិច្ច​ស​ដាក់ចេញ​គោលនយោបាយ​សេដ្ឋកិច្ច សង្គម យោធា នយោបាយ រួមទាំង​គោលនយោបាយ​ក្នុងស្រុក​ការបរទេស​របស់​ចិន​សម្រាប់​អំឡុងពេល​៥​ឆ្នាំ​ខាងមុខ​។​

​ថ្លែង​បើក​អង្គ​មហាសន្និបាត​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​រំលឹក​ឡើងវិញ​នូវ​សមិទ្ធិផល​៥​ឆ្នាំកន្លងមក​របស់​ចិន ក្នុងនោះ​មានការ​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ការបំពុល​បរិស្ថាន រក្សា​សន្តិសុខ​ជាតិ ។ លោក​ស៊ី ក៏បាន​និយាយ​ដល់​គំនិត​ច្នៃប្រឌិត “​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​” ហើយ​សារជាថ្មី​ម្តងទៀត​ក៏បាន​សង្កត់ធ្ងន់​ទៅដល់ “​សុ​បិ​ន្ត​ប្រទេស​ចិន​”​។​

​លើ​បញ្ហា​សេដ្ឋកិច្ច​លោក​ស៊ី បាន​ឲ្យ​ដឹងថា GDP របស់​ប្រទេស​ចិន បាន​កើនឡើង​ពី ៥៤​ពាន់​ប៊ី​លាន​យ័ន ឡើងដល់ ៨០​ពាន់​ប៊ី​លាន​យ័ន ស្មើនឹង​ជាង​៣០% នៃ​GDP ទូទាំង​ពិភពលោក​។​

​លើ​បញ្ហា​សន្តិសុខ​លោក​ស៊ី ថ្លែងថា ប្រទេស​ចិន បាន​មាន​ភាព “​លោត​ផ្លោះ​ជា​ប្រវត្តិសាស្ត្រ​” ក្នុងការ​កែទម្រង់​កង​ទ័ព​និង​កិច្ចការពារ​ប្រទេស​។​

​ទាក់ទិន​ដល់​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ លោក​ស៊ី វាយតម្លៃថា យុទ្ធនាការ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ប្រសិទ្ធភាព​យ៉ាង​ជាក់លាក់​ក្នុង​គោលបំណង​សំអាត​បក្ស​។ យុទ្ធនាការ​នេះ​ចាប់ផ្តើម​តាំងពី​៥​ឆ្នាំមុន ហើយ​រហូត​មកទល់ពេលនេះ​មាន​មន្ត្រី​ជាង​១​លាន​នាក់ បាន​រង​ការដាក់ពិន័យ ហើយ​រាប់ពាន់នាក់​បាន​ជាប់ពន្ធ​ធនាគារ ៕​ សូយន