ក្របីជាសត្វ១ប្រភេទ ស្លូតបូត និងមានសភាពស្ងប់ស្ងៀមណាស់ ។ មនុស្សជាច្រើននៅជុំវិញពិភពលោក ត្រូវបានជឿថា ពុំដែលបានប្រាស្រ័យផ្ទាល់ជាមួយពួកវា ប៉ុន្តែ ប្រសិនបើពួកគេចង់ នោះនឹងអាចធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជិះលើខ្នងក្របី ។ ទោះយ៉ាងណា សកម្មភាពមិនសមរម្យរបស់ជនជាតិអង់គ្លេសម្នាក់នេះ បានធ្វើឲ្យអ្នកស្រុកជាច្រើនផ្ទុះកំហឹង និងបុរសរូបនោះក៏អាចប្រឈមផ្លូវច្បាប់ផងដែរ ។
បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Liam Cox បានរៀបចំដំណើរកំសាន្តមួយដាក់ឈ្មោះថា «Drunken Carabao» នៅក្នុងកោះ Siargao ទីកន្លែងដែលភ្ញៀវទេសចរត្រូវបង់លុយ P1000 សម្រាប់ការជិះក្របីក្នុង១ក្បាល ។ ការជិះនោះគឺអាចផឹកស្រាដោយសេរី ។ គ្រាជិះលើកដំបូង នោះហាក់ដូចជាំពុំមានទោសកំហុសគួរឲ្យត្រូវចោទប្រកាន់ទេ ប៉ុន្តែ ក្រោយមក Cox បានផុសរូបភាព១សន្លឹកបង្ហាញឲ្យជនជាតិស្បែកស២នាក់ជិះលើខ្នងក្របី ពុំមានស្លៀកពាក់ឲ្យបានត្រឹមត្រូវឡើយ ។
ពួកអ្នកស្រុក ក្រោយមក ក៏បានត្អូញត្អែរលឺទៅដល់លោក Marlon Coro ប្រធានសម្ព័ន្ធក្រុមប្រឹក្សាខេត្ត បន្ទាប់ពីពួកគេបានឃើញរូបភាពបែបនេះនៅលើបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញ Cox និងជនបរទេសប្រុសស្រី១គូអាក្រាតននលគក ខណៈជិះលើខ្នងក្របី ។ រូបភាពនេះបានទទួលការចាប់អារម្មណ៍ ហើយ Cox ក៏រងការរិះគន់យ៉ាងចាស់ដៃ ថាមិនគោរពចំពោះវប្បធម៌ហ្វីលីពីន ។
ទោះបី Cox បានចេញមុខសុំទោស និងបានលុបរូបថតនោះចេញពីបណ្តាញសង្គមក៏ដោយ ក៏អ្នកស្រុកជាច្រើន និងពួកអ្នកស្រលាញ់សត្វ ទាមទារឲ្យគាត់ត្រូវបានដាក់ទណ្ឌកម្ម និងហាមធ្វើអាជីវកម្មនៅក្នុងតំបន់ ៕ ចន្ទី