អ្នកបើកបររថយន្តដឹកទំនិញ១គ្រឿង បានធ្លាក់ពីលើស្ពានកម្ពស់ ៥ ម៉ែត្រ រហូតស្លាប់គួរឲ្យអាសូរ បន្ទាប់ពីជួបគ្រោះថ្នាក់បុកគ្នានៅទីប្រជុំជន Nilai ប្រទេសម៉ាឡេស៊ី។ តាមសេចក្តីរាយការណ៍របស់ Astro Awani បានឲ្យដឹងថា ជនរងគ្រោះមានអាយុ ៣២ ឆ្នាំ បានកំពុងបើករថយន្តធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ម៉ាឡាកា មុនពេលបុកជាមួយរថយន្តម៉ាក Toyota Hiace ដែលអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
គ្រោះថ្នាក់នេះបានបណ្តាលឲ្យរថយន្តដឹកទំនិញ ត្រូវបត់ក្បាលស្ទើរធ្លាក់ចេញពីលើស្ពាន នៅចំណុចផ្លូវហាយវ៉េគីឡូម៉ែត្រលេខ ២៨០.៧ ។ យោងតាមអធិការប៉ូលីសស្រុក Nilai លោក Mohd Fazley Ab Rahman បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើង គឺបន្ទាប់ពីរយន្តម៉ាក Hiace ដែលបើកក្នុងល្បឿនយ៉ាងលឿន ហើយអ្នកបើកបរបាត់បង់ម្ចាស់ការក៏បានរ៉េចង្កូតមកបុករថយន្តដឹកទំនិញយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដឹកទំនិញបត់ទទឹងផ្លូវ ឡើងទៅកល់នឹងបង្កាន់ដៃបេតុងស្ពាន ពាក់កណ្តាលតួរថយន្តដែលស្ទើរតែធ្លាក់ទៅហើយ។
អ្នកបើកបររថយន្តដឹកទំនិញ ត្រូវបានដឹងថា បានហោះចេញតាមកញ្ចក់មុខ ធ្លាក់ទៅក្រោមស្ពានគួរឲ្យរន្ធត់ និងត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ៕ ដោយ៖ លឹម ហុង