ស្តេច Mswati III នៃប្រទេស Swaziland ឬ ហៅ អេស្វាទីនី បានកំពុងរងព្យុះរិះគន់ជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីទិញរថយន្តទំនើបៗជាច្រើនគ្រៀង ជាកាដូសម្រាប់គ្រួសារដ៏ធំរបស់គាត់។
យោងតាមរបាយការណ៍ជាច្រើនពីប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា ស្តេច Mswati III ត្រូវបានចោទប្រកាន់ថាបានទិញយ៉ាងហោចណាស់រថយន្ត Rolls-Royce ចំនួន ១៩ គ្រឿង និងរថយន្ត BMW ១២០ គ្រឿង ក្នុងតម្លៃសរុបជាង ១៦ លានដុល្លារ។
មេដឹកនាំគណបក្សប្រឆាំងរាជានិយម លោក Wandile Dludlu បាននិយាយថា រថយន្តទំនើបៗទាំងនេះ គឺសម្រាប់ក្បូនដង្ហែររថយន្ដរបស់គាត់ និងការប្រើប្រាស់ផ្តាច់មុខសម្រាប់កូនៗរបស់គាត់។ ដែលនេះគឺជាការបង្ហាញដោយឥតលាក់លៀមនៃភាពក្រអឺតក្រទម និងការមិនយកចិត្តទុកដាក់ទាំងស្រុង ដល់ប្រជាជនក្រីក្រតែម្តង។
លោក Dludlu បានប្រាប់កាសែត Times Live ថា៖ «ជាទូទៅ គាត់បង្ហាញម្រាមដៃកណ្តាលដល់ពួកគេ ហើយបង្ហាញភស្តុតាងដល់មនុស្សគ្រប់គ្នាបានឃើញ ហើយថាគាត់គឺជាច្បាប់សម្រាប់ខ្លួនឯងគាត់»។
លោក Dludlu បានចោទប្រកាន់បន្ថែមទៀតថា ស្តេចអង្គនេះបានជះទឹកលុយទិញដ៏ខ្ជះខ្ជាយ ក្នុងគោលបំណងដើម្បីធ្វើឱ្យខ្លួនគាត់ និងគ្រួសាររបស់គាត់ដែលរួមមានទាំងប្តីប្រពន្ធ ១៥ នាក់ សប្បាយចិត្ត និងទំយើដល់កូនៗ ២៣ នាក់ ប៉ុណ្ណោះ។
ក្រៅពីនេះ ស្តេច Mswati ក៏នៅមានយន្តហោះឯកជន២គ្រឿង ដែលក្នុងនោះគាត់ទិញកាលពីឆ្នាំមុន សម្រាប់ខួបកំណើតរបស់គាត់ក្នុងតម្លៃ ១៣,២ លានដុល្លារ។ គាត់ក៏មានឡាន Rolls Royce តម្លៃ ៦២៥,០០០ ដុល្លារ, ឡានម៉ាក Maybach 62 តម្លៃ ៥០០,០០០ ដុល្លារ, BMW X6 និងឡានម៉ាក Mercedes Benz S600 Pullman ២០ គ្រឿង។
យោងតាមធនាគារពិភពលោក នោះប្រជាជនស្វាហ្ស៊ីប្រមាណ ៤០% គឺមានប្រាក់ចំណូលតិចជាង ១.៩០ ដុល្លារ ក្នុង១ថ្ងៃ៕ ដោយ៖ លឹម ហុង