ប្រទេសចិន និងភីលីពីន កំពុងពិភាក្សាគ្នាពីការរុករកធនធានរ៉ែរួមគ្នា នៅក្នុងដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់ ភ្នាក់ងារសារព៌តមានបារាំង AFP។
បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងកាបរទេសភីលីពីន ឈ្មោះ Alan Peter Cayetano បានឲ្យដឹងថា ប្រទេសទាំងពីរសង្ឃឹមថា កិច្ចពិភាក្សានឹងបើកទ្វារសំរាប់ពួកគេ ដើម្បីឲ្យពួកគេអាចបូមយកធនធានធម្មជាតិរួមគ្នា។
លោកថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “ពួកយើងនឹងជំរុញវាឲ្យខ្លាំងពីព្រោះពួកយើងត្រូវការវា (ធនធានរ៉ែ)។ ប្រទេសទាំងពីរនឹងបង្កើក្រុមការងាររៀងៗខ្លួន ដើម្បីស្វែងរកជំរើសសំរាប់ការ រុករករួម”។
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់ និងជាកន្លែងសម្បូរធនធានរ៉ែធម្មជាតិ។ ក្រៅពីចិន និងភីលីពីន ប្រទេសផ្សេងៗទៀតដូចជា ប្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏ទាមទារកាន់កាប់ដែនទឹកនោះផងដែរ៕ សុភ័ក្ត្រ