Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តបន្ទាយមានជ័យព្រួយបារម្ភ ហើយបង្កើនការគ្រប់គ្រង ត្រួតពិនិត្យជនជាតិចិន មកស្នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យបង្កើនការគ្រប់គ្រង ត្រួតពិនិត្យជនជាតិចិន មកស្នាក់នៅនៅក្រុងប៉ោយប៉ែតក្រោយបាតុភាពនៅខេត្តព្រះសីហនុ ហើយទទួលស្គាល់ការព្រួយបារម្ភដែរនោះ។

​ នេះបើយោងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិយាយកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៥ របស់ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចំថ្ងៃបុណ្យឆ្នាំចិនតែម្តងនោះ។

លោកស្នងការបានដាក់ចេញនូវបទបញ្ជានិងបានជម្រុញឱ្យកម្លាំងនគរបាលប៉ុស្ថិ៍រដ្ឋបាល កម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងគរបាលពាក់ព័ន្ធ ត្រូវគ្រប់គ្រងត្រួតពិនិត្យជនជាតិចិនដែលមកស្នាក់នៅធ្វើការងារ នៅក្រុងប៉ោយប៉ែតឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីចៀសវាងការមកស្នាក់នៅធ្វើការងារខុសច្បាប់​និងបង្កជាបទល្មើសផ្សេងៗដែលជាហេតុបណ្តាលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ និងជាតំបន់ដែលមានកាស៊ីណូ ត្រូវបានជនជាតិចិនមកជួលអគារ និងស្នាក់នៅប្រកបមុខរបរអាជីវកម្ម មានចំនួនកើនឡើងខ្ពស់ចំនួនរាប់ពាន់នាក់។ ឬចាត់ទុកថា ក្រុងប៉ោយប៉ែតជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីក្រុងព្រះសីហនុ ដែលមានជនជាតិចិនមកធ្វើការងារប្រកបមុខរបរនិងស្នាក់នៅច្រើនជាងគេ។

កន្លងមក ជនជាតិចិនមួយចំនួនមកជួលអគារ ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួលនៅក្រុងប៉ោយប៉ែតបានលួចលាក់ធ្វើសកម្មភាពជំរិតទារប្រាក់ពីជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិន តាមប្រព័ន្ធអ៊ិនធ័រណិត (ឬVOIP) តែត្រូវរងការបង្រ្កាបឃាត់ខ្លួនពីកម្លាំងសមត្ថកិច្ចកម្ពុជា សហការពីប៉ូលីសចិន។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម និយាយថា វិធានការនេះដើម្បីបង្ការទប់ស្កាត់បញ្ហាបង្កអសន្តិសុខ ក្រោយពីលោកមើលឃើញថា សកម្មភាពជនជាតិចិនមួយចំនួនតូចមកធ្វើការងារស្នាក់នៅក្រុងព្រះសីហនុនោះ បានបង្កអន្តិសុខ មានទាំងកាំភ្លើងប្រើប្រាស់ ហើយបានបង្ករបួសស្នាមអ្នកដទៃទៀតនោះផង។

​លោកស្នងការបានណែនាំទៀតថា បើសិនជនជាតិចិនមកធ្វើការងារប្រកបមុខរបរអាជីវកម្មត្រឹមត្រូវតាមច្បាប់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពីព្រោះការចូលមកវិនិយោគរបស់ជនជាតិចិនដោយស្របច្បាប់ក៏ជាផ្នែកមួយដើម្បីបង្កើនសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាយើងផងដែរ៕ ដោយ ៖ បន្ទាយ

×