Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលទម្លាក់ថវិកាចំនួន ២00 លានរៀល ដើម្បីជំរុញចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងខេត្តគោលដៅចំនួន ១១ខេត្ត

spot_img

ដើម្បីរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មី ក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងខេត្តគោលដៅចំនួន ១១ខេត្ត ក្នុងនោះមានខេត្តឧត្តរមានជ័យផងដែរ។

ភ្ជាប់ទៅនឹងប្រធានបទនេះ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៦ ខែធ្នូ បានរាយការណ៍ថា នៅទូទាំងខេត្តមានកសិករចំនួន ១០៥គ្រួសារ ( ៧៥គ្រួសារ ទទួលបានកូនត្រីអណ្តែង និង ៣០គ្រួសារ ទៀតទទួលបានកូនកង្កែប) ព្រមទាំងសម្ភារសម្រាប់ចិញ្ចឹមមួយចំនួនទៀត។

ពួកគាត់ទទួលបានផលពីការចិញ្ចឹមនេះ យកមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងលក់ចែកចាយនៅក្នុងមូលដ្ឋាន (ត្រីអណ្តែងប្រមាណ ៤ក្បាល/kg តម្លៃ ៦ ០០០រ/kg កង្កែប ៦ក្បាល/kg លក់បានតម្លៃ ១០ ០០០រ/kg ចំពោះការចិញ្ចឹមត្រីអណ្តែងប្រើរយ: ពេលជាង ២ខែ និងកង្កែបជាង ៥០ថ្ងៃ អាចប្រមូលផលបាន។ ចំពោះកង្កែប ក្នុងចំណោមកសិករ ៣០គ្រួសារ ក្នុងនោះមាន ១០គ្រួសារបានបង្វែរទិសដៅពីការចិញ្ចឹមកង្កែបសាច់ មកចិញ្ចឹមកង្កែបពូជវិញ ដើម្បីផ្គត់ផ្គង់កូនដល់អ្នកចិញ្ចឹមកង្កែបសាច់ ក្នុងសហគមន៍របស់ពួកគាត់ ហើយ ២០គ្រួសារទៀតបានផ្អាកចិញ្ចឹម បញ្ហាក៏ដូចកសិករចិញ្ចឹមត្រីអណ្តែងដែរ។

តាមការអះអាងរបស់មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានគម្រោងចិញ្ចឹមខាងលើ កសិករ និង សាធារណជនមួយចំនួន បានចាប់អារម្មណ៍លើការចិញ្ចឹមត្រីអណ្តែង ដោយគិតមកទល់ពេលនេះ ចំនួនកូនត្រីដែលបានលក់ជូនទៅកសិករ និងសាធារណជន ជាពិសេសផ្នែកកងទ័ពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ស្បៀង នៅតាមតំបន់ឈរជើងបានចំនួន ៣០កន្លែង ស្មើនិង ៧០០គ.ឡ គិតជាកូនត្រីប្រមាណជាង ១៤០ ០០០កូនត្រី ពីស្ថានីយកសិកម្មគោករំដួល ហើយកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនាពេលខាងមុខ។

មិនតែប៉ុណ្ណោះ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរបានរៀបចំជា ៣ បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២បណ្តុំមានកសិករចូលរួម ៩៨គ្រួសារ ដែល១គ្រួសារទទួលបានចំណី ២ការ៉ុង តង់១ ទំហំ ៤mx៦m កូនត្រីអណ្តែង ៥០០ក្បាល និងកសិករគំរូ ២រូប ជាអ្នកបង្កាត់ និងភ្ញាស់ត្រីដើម្បីលក់ផ្គត់ផ្គង់ឲ្យកសិករ ដោយម្នាក់ៗទទួលបានថវិកាសម្រាប់រៀបចំរោង តង់ និងឧបករណ៍សម្រាប់ការបង្កាត់ចំនួន ៤ ០០០ ០០០រៀលផងដែរ។
ដោយឡែក បង្កងមានសមាជិកបណ្តុំ ៤៦រូប ដោយពួកគាត់ទទួលបាន តង់ ម៉ូទ័រ និងមេបាពូជ ២គូរ និងកសិករគំរូ ១រូប ជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០រ សម្រាប់ធ្វើ រោង អាង និងឧបករណ៍សម្រាប់បម្រើឲ្យការបង្កាត់ពូជ។

ដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយបច្ចេកទេស ជូនដល់ប្រជាកសិករ រក្សានិរន្តរភាពចិញ្ចឹម មន្ទីរ បានបញ្ជូនមន្រ្តីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស បង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និងកង្កែប នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង ដោយមានការគាំទ្របច្ចេកទេស ពីមន្រ្តីជំនាញរដ្ឋបាលជលផល។

ក្រោយពីពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ បច្ចុប្បន្នមន្រ្តីជំនាញបានសាកល្បង អនុវត្តការបង្កាត់ត្រីអណ្តែងកូនកាត់ អាហ្រ្វិកទទួលបានជោគជ័យ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ ជូនប្រជាកសិករនៅក្នុងតំបន់ ហើយទិសដៅបន្តនឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាបរិមាណផ្គត់ផ្គង់កូនត្រី ដល់ប្រជា ពលរដ្ឋ ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាដល់ការផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀត សំដៅជំរុញការផលិតសម្រាប់នាំចេញតំបន់៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×