Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្ន មេរោគ Facebookមានឈ្មោះថា “Bist du es im Video?” កំពុងវាយប្រហារនៅកម្ពុជា!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានចេញផ្សាយព័ត៌មាននៅព្រឹកថ្ងៃទី 8 ខែធ្នូឆ្នាំ 2020 នេះថា នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញ មានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messenger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។

ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម៖

– ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ ពីគណនីអនាមិក ដែលបង្ហាញខ្លឹមសារថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?” និងករណីមួយចំនួនជាមិត្តភ័ក្តិ ឬបុគ្គលដែលម្ចាស់គណនីស្គាល់។ តំណភ្ជាប់នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ

– ពេលដែលអ្នកធ្វើការចុចលើរូបភាព ឬវីដេអូ ក្នុងកម្មវិធីសារ Messennger តំណភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគ ដែលមានសមត្ថភាពលួចយក លេខសម្ងាត់គណនីបណ្តាញសង្គមរបស់អ្នក ដោយវិធីសាស្ត្របន្លំលួច (Phishing) ឬចម្លងមេរោគ (Malware)

– បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះ ដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូ អាសអាភាស ឬវីដេអូផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យា DeepFake ហើយធ្វើការចែករំលែក បន្តទៅកាន់មិត្តភ័ក្តិដែលមានក្នុងគណនី ដោយស្វ័យប្រវត្តិ

– សកម្មភាពបន្លំលួចគណនី ដូចរៀបរាប់ខាងលើ នឹងបន្តពីគណនីមួយ ទៅគណនីមួយយ៉ាងលឿន។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម មេត្តាមានការប្រុងប្រយ័ត្ន ដោយពុំត្រូវធ្វើការចុចលើតំណភ្ជាប់ ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនី ឲ្យទៅនរណាម្នាក់ (ត្រូវអង្កេតមើលអាសយដ្ឋានគេហទំព័រ មុនវាយបញ្ចូលលេខសម្ងាត់)៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×