ភ្នំពេញ ៖ តាមរយៈសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា “លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍ឱ្យខ្ញុំបានដឹងអំពីការសាងសង់ឃ្លាំង សម្រាប់ការស្តុកទុក ដែលនៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមានកម្រិតរហូតទៅដល់ ៨០អង្សារក្រោមសូន្យ (-៨០អង្សារសេ)។ ប៉ុន្តែក៏មានក្នុងកម្រិត ៤០អង្សារ (ក្រោមសូន្យ) ឬក៏ ៣០អង្សារ (ក្រោមសូន្យ) ឬក៏ប៉ុន្មានអង្សារ។ ក៏ប៉ុន្តែកម្រិតអតិបរមា គឺបានទៅដល់ ៨០អង្សារក្រោមសូន្យឯណោះ។ អ៊ីចឹងកន្លែងស្តុក មិនជាពិបាកពេកទេ ជំរុញនូវការសាងសង់ រួចទម្រាំនឹងការបញ្ជាទិញ ល្មមស៊ីសង្វាក់គ្នា ជាមួយនឹងការមកដល់នៃវ៉ាក់សាំង”។
សម្ដេចតេជោ បានបញ្ជាក់ថា ពេលនេះក្រសួងសុខាភិបាលបាន និងកំពុងរៀបចំសាងសង់ឃ្លាំងសុវត្ថិភាពសម្រាប់ស្តុកវ៉ាក់សាំង Covid-19 ដែលមានកំណត់សីតុណ្ហភាពរហូតដល់៨០អង្សារក្រោមសូន្យ ។
សម្រាប់វ៉ាក់សាំងដែលនឹងត្រូវបញ្ជាទិញក្នុងជំហានដំបូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បានត្រៀមទិញចំនួន1លានដូស ដើម្បីចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ប៉ុន្តែពុំទាន់កំណត់ថា នឹងទិញពីប្រទេសណានៅឡើយនោះទេ ហើយសម្តេចបានស្នើយោបល់ថា ក្រុមគ្រូពេទ្យគួរតែជាជម្រើសអាទិភាពទីមួយសម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៨- ធ្នូ -២០២០ ការបរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរហូតមកដល់ពេលនេះ សរុបថវិការ បានចំនួន ជាង ២៤លានដុល្លារ។
ក្នុងនោះរួមមាន៖
ឡេង ណាវ៉ាត្រា ១លានដុល្លារ
លោក ហុង ពីវ ៣លានដុល្លារ
លោក គិត ម៉េង ៣លានដុល្លារ
លោក ចេន ហ្ឍី ៣លានដុល្លារ
ក្រុមហ៊ុន ជីប ម៉ុង ៣លានដុល្លារ
ក្រុមហ៊ុន ប៉េង ហួត ៣លានដុល្លារ
លោក ឡាវ ម៉េងឃីន ៣លានដុល្លារ
លោក ហេង សិទ្ធី ១លានដុល្លារ
លោក សុខ គង់ ១លានដុល្លារ
លោក លី យ៉ុងផាត់ ៣លានដុល្លារ
លោក ថោង សារ៉ាត់ ១០ម៉ឺនដុល្លារ
លោកស្រី ទ្រី សុខា ១ម៉ឺនដុល្លារ
លោក ជាវ តាយ ៥ម៉ឺនដុល្លារ
លោក អុឹង ស៊ីតាតវីរ: ៥ម៉ឺនដុល្លារ
លោក ប៊ិន ឈិន ២ម៉ឺនដុល្លារ៕
រក្សាសិទ្ធិដោយ៖CEN