ត្បូងឃ្មុំ ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមកសិករ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ បានប្រារព្ធទិវាស្បៀង អាហារពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ ផ្លាស់ប្តូរអនាគតនៃការធ្វើចំណាកស្រុកតាមរយៈការវិនិយោគលើសន្តិសុខស្បៀងនិងអភិវឌ្ឍជនបទ។ ទិវានេះបានប្រារព្ធនៅថ្ងៃទី១៧ តុលា ២០១៧ នាឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះគឺជាលើកទី៣៧ហើយ នៃការរៀបចំទិវាស្បៀងអាហារពិភពលោក ហើយព្រឹត្តិការណ៍ជាសាកលរបស់អង្កការសហប្រជាជាតិ ដែលបណ្តាប្រទេសនានាលើពិភពលោក បានប្រារព្ធពិធីនេះឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទី ដ៏មានសារសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងអភិវឌ្ឍជនបទ សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន កាត់បន្ថយចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ។
បើតាមលោក វេង សាខុន បានឲ្យដឹងថា គិតត្រឹមឆ្នាំ 2016 មានពលករទៅធ្វើការនៅក្រៅប្រទេសដូចជាថៃ116000 នាក់ កូរ៉េ 43572 នាក់ ម៉ាឡេស៊ី 46452 នាក់ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ ។
លោក ALEXANDER HUYNH តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានឲ្យដឹងថា នៅលើពិភពលោកបច្ចុប្បន្ន ចំនួនប្រជាជនកាន់តែច្រើនឡើង ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដោយមូលហេតុ សង្ក្រាម គ្រោះអត់ឃ្លាន ភាពក្រីក្រ ខ្វះធនធាន ឥទ្ធិពលនៃការបម្រែបៗរួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ជាពិសេសដល់សហគមន៍ជនបទ ដែលចាំបាច់អង្គការ FAO មានតួនាទីក្នុងការជួយដោះស្រាយ ។ លោកបន្តថា គិតត្រឹមឆ្នាំ 2013 ចំនួនជនអន្តោប្រវេសន៍អន្តរជាតិបានកើនឡើងដល់232លាននាក់ ក្នុងនោះ59ភាគរយ រស់នៅក្នុងប្រទេសអភិវឌ្ឍន៍។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ខេត្តត្បូងឃ្មុំជាខេត្តដែលមានសក្កដានុពលខ្លាំងលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូ ស្រូវ ម្រេច ស្វាយចន្ទីជាដើម ជាងនេះទៅទៀតប្រជាពលរដ្ឋមួយចំនួនធំក៏បានចិញ្ចឹមគោ ក្របី មាន់ ទា ជ្រូក ជាកសិដ្ឋាន និងលក្ខណៈគ្រួសារយ៉ាងផុសផុលផងដែរដើម្បីបង្កើនជីវភាពគ្រួសារជៀសជាងការធ្វើចំណាកស្រុក ។
នៅក្នុងឱកាសនោះក៏មានការដាក់តាំងបង្ហាញនូវកសិផលមួយចំនួនដែលនាំមកពីមន្ទីកសិកម្មខេត្តនានាផងដែរ។
ក្នុងកម្មវិធីនេះមានការដាំឈើជានិមិ្មតរូប ការតាំងពិព័រណ៌ផលិតផល និងសម្ភារកសិកម្ម របស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនឯកជន និងក៏មានការផ្តល់ជូនកសិករដែលចូលរួមនូវពូជស្រូវចំនួន២០គីឡូក្រាម និងកូនឈើហូបផ្លែ៣ប្រភេទ៕ ដោយ៖ជាលី