ភ្នំពេញ ៖ ស្រ្តីជាប់សែស្រឡាយចិនម្នាក់ បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការចូលជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រគល់រូបនាគព្រួសភ្លើងមួយផ្ទាំងដ៏ស្រស់ស្អាត ដែលខ្លួនបានចំណាយពេលចាក់ដោយផ្ទាល់ដៃអស់ជាច្រើនឆ្នាំមកនោះ។
អ្នកស្រី ធិតា និងក្រុមគ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនៅគេហដ្ឋានរបស់សម្តេចក្បែរវិមានឯករាជ្យកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះថា “ក្នុងថ្ងៃចូលឆ្នាំចិនទី១៦ កន្លងទៅនេះ ខ្ញុំបានបំពេញនូវបំណងប្រាថ្នារបស់ប្អូនស្រីធិតា ដែលចំណាយពេលវេលាជាច្រើនខែឆ្នាំ…ចាក់រូបនាគដ៏មានអត្ថន័យមួយផ្ទាំងជូនខ្ញុំ។ ខ្ញុំបានឃើញ comment គាត់តាមហ្វេសប៊ុគ ហើយក៏បានហៅគាត់មកជួបនៅគេហដ្ឋានខ្ញុំតែម្តង។ នៅពេលបានជួបគាត់ទើបដឹងថា គាត់មានប្តីឈ្មោះ ស៊ីវ ដែលជាអ្នកចូលរួមចំណែកក្នុងបុព្វហេតុជាតិតាំងពីឆ្នាំ ១៩៧៩ កន្លងមក។ ពិតណាស់ មាន៧ មករា ១៩៧៩ ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។
មានបងប្អូនអតីតយុទ្ធជន និងបងប្អូនអ្នកចូលរួមរំដោះជាតិ ព្រមទាំងមិត្តភក្តិចាស់ៗជាច្រើនដែលខ្ញុំមិនបានជួបអស់ ប៉ុន្តែខ្ញុំនៅតែគិតដល់ និងតែងតែនឹករឮកដល់បងប្អូនគ្រប់ទីកន្លែង។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមរំដោះទឹកដី នឹងការពារសន្តិភាពសម្រាប់ប្រទេសយើងរហូតមកដល់សព្វថ្ងៃនេះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា”៕ ដោយ៖បញ្ញាស័ក្តិ