ភ្នំពេញ៖ មហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងលើកទី៤០ នៅឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីស ប្រទេសទុយនីស៊ី។ កិច្ចប្រជុំនេះ មានការចូលរួមប្រជុំដោយផ្ទាល់ និងការប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង(វីដេអូ) មកពីបណ្តាលទីក្រុងចំនួន១៣០ ស្មើនឹង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោក កំពុងប្រឈមនឹងជំងឺវីរុសកូវីដ-១៩ក្តី។
ដោយឡែកនៅល្ងាចថ្ងៃទី៩ខែធ្នូឆ្នាំ២០២០នេះនាទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាពនិងសំឡេង នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សា ក្នុងកម្មវិធីមហាសន្និបាតនេះ។
កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ ៖ ទី១ សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីតាល់។ ទី២ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគម AIMF ។ ទី៣ កម្មវិធីបើកមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF ។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាត ស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់នេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ហើយសមាគម AIMF តែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេស ក្រោមប្រធានបទដាច់ដោយឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀត សម្រាប់ឆ្នាំ២០២០នេះ ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់។
ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ ពីប្រព័ន្ធឌីជីថលនេះ គឺមានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍ រីកចម្រើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះ ក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគម AIMFនឹងធ្វើឡើងក្រោមអធិបតីភាពលោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ