ថ្មីៗនេះ ប៉ូលីស Los Angeles បានដោះលែងវិញហើយបុរសម្នាក់ដែលគេសង្ស័យជំហានដំបូងថា បានប្រើអំពើហិង្សាដ៏ឃោរឃៅ មកលើស្ត្រីចំណាស់ម្នាក់នៅ Koreatown កាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅ ។
ជនសង្ស័យឈ្មោះ Richard Colomo អាយុ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីអង្គារ ក្នុងករណីប្រើអំពើហិស្សាក្នុងលក្ខណៈធ្ងន់ធ្ងរ ទៅលើស្ត្រីចំណាស់ម្នាក់ ប៉ុន្តែ ត្រូវបានដោះលែងវិញនៅថ្ងៃព្រហស្បតិ៍ ដោយពុំមានការចោទប្រកាន់ណាមួយ ប្តឹងប្រឆាំងគាត់ ។
អ្នកស៊ើបអង្កេតនៃនាយកដ្ឋានប៉ូលីស Los Angeles (LAPD) លោក Hee Bae Cho បានរាយការណ៍ថា Colomo ពុំបានស្គាល់ស្ត្រីរងគ្រោះឈ្មោះ Mi Reum Song ដែលត្រូវបានគេវាយប្រហារដោយគ្មានហេតុផលច្បាស់លាស់នោះទេ, នេះបើយោងតាម ABC 7 ។
Song អាយុ ៨៦ ឆ្នាំ បានកំពុងដើរនៅផ្លូវនៃផ្សារទំនើបមួយ ស្ថិតនៅក្បែរកាត់ជ្រុងមហាវិថី Olympic និង Vermont Avenue នៅពេលនោះបុរសម្នាក់ ត្រូវបានពណ៌នាជំហានដំបូងថាជាជនជាតិអេស្បាញ និងស្ថិតក្នុងសម្លៀកបំពាក់ខោអាវពណ៌ពណ៌ខ្មៅទាំងអស់ បានចូលទៅកៀក និងចាប់ផ្តើមដាល់យ៉ាងសាហាវទៅលើផ្ទៃមុខរបស់គាត់ ។ Song បានដួលទៅនឹងកម្រាលស៊ីម៉ងត៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅត្រង់ក្បាល និងផ្ទៃមុខ ។ ទោះយ៉ាងណា មុខរបួសរបស់នាង ត្រូវបានរំពឹងថា នឹងជាសះស្បើយទាំងស្រុងឡើងវិញផងដែរ ។
ចៅស្រីរបស់លោកយាយ Song ឈ្មោះ Yujin Audrey Ko បានព្យាយាមបញ្ចេញព័ត៌មាននៃហេតុការណ៍នេះឡើងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជំរុញឲ្យប៉ូលីសនាំយកជនដៃដល់មកកាត់ទោសតាមផ្លូវច្បាប់ ។
Ko បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា៖ «យាយខ្ញុំបានប្រាប់ខ្ញុំកុំឲ្យគិត និងរឿងរ៉ាវបញ្ចប់ទៅ ព្រោះគាត់ចង់បំភ្លេចចោលនូវអ្វីៗដែលបុរសនោះបានធ្វើបែបនេះ ប៉ុន្តែ ពុំអាចបំភ្លេចបាន» ៕ ចន្ទី