ខេត្តរតនៈគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានអោយដឹងថា ភ្ញៀងទេសចរដែលអញ្ចើញចូលមកកំសាន្ដខេត្តរតនៈគិរី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម និងកូរ៉េ រយៈពេល ៣ថ្ងៃ ឆ្នាំ២០១៨នេះ មានចំនួន ១៩,៧៩៤នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៩,២៣១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥៦៣នាក់ សរុបកើនឡើង ៥,៧ភាគរយ។ ក្នុងនោះមានភ្ញៀវជាតិកើនឡើង ៥,៦ ភាគរយ និង ភ្ញៀវអន្តរជាតិកើន ៨,៣ ភាគរយ បើធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៧កន្លងទៅ ។
លោក ង៉ែត ពិទូ បានបន្ដថា ពាក់ព័ន្ធ ម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ nigផ្ទះសំណាក់ ដែរលោកបានចាត់អោយក្រុមការងារ របស់លោកចុះ អប់រំណែនាំអំពីអនាម័យ និងជំរុញមិនអោយ មានការតំឡើងថ្លៃនាឱកាសចូលឆ្នាំចិន-វៀតណាm និងកូរ៉េ នាពេលកន្លងទៅនេះ គឺនៅមានម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានដំឡើងថ្លៃបន្ទប់ជួលបន្ដិចបន្ដួច ពោលគឺចាប់ពីតម្លៃមួយបន្ទប់ក្នុងមួយយប់ថ្លៃ ១៥ដុល្លារ តម្លើងទៅ ២០ដុល្លារ និងមួយបន្ទប់ថ្លៃ ២៥ដុល្លារ ឡើងទៅ ៣០ដុល្លារ ។
ចំណែក លោក វេន ចឹក ប្រធានសហគមន៍រមណីយដ្ឋានបឹងធម្មជាតិយក្សឡោម ក៏បានឲ្យដឹងដែរថា អំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម និងកូរ៉េ នាឆ្នាំ២០១៨នេះ ទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានកើនឡើងរហូតដល់ជិតដប់ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០១៧កន្លងទៅ។ លោកថា ការកើនឡើងនេះ គឺបានកើនខុសពីការគ្រោងទុក ព្រោះអាចបណ្តាលមកពីខេត្តនេះ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដោយសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន បានរួមសហការគ្នាការពារសុវត្ថិភាព ដោយដាក់កម្លាំងការពារ ដើម្បីសម្រួលចរាចរណ៍ និងការពារសន្តិសុខទាំងយប់ថ្ងៃ មានសេវាកម្មរហ័សទាន់ចិត្ត ដើម្បីបំរើដល់ភ្ញៀវ ដែលចូលទៅទស្សនាកំសាន្តនៅតំបន់នោះ។
លោក វេន ចឹក បន្តទៀតថា ឆ្នាំនេះសហគមមន៍ បានរៀបចំទីធ្លារមណីយដ្ឋានឲ្យមានសណ្តាប់ធ្នាប់ល្អ គឺ មិនអនុញ្ញាតឲ្យអាជីវករដាក់លក់ចំណីអាហារនៅក្បែរមាត់ទឹកបឹងឡើយ ដើម្បីជៀសវាងការបោះចោលសំរាមរាយប៉ាយធ្លាក់ចូលទៅក្នុងផ្ទៃបឹង ធ្វើឲបាត់បង់សោភណ្ឌភាព ដោយអនុញ្ញាតអោយពួកគាត់ ដាក់លក់នៅខាងលើពីមុខផ្លូវចុះជណ្ដើរទាំងអស់វិញ។
តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ខេត្តនេះ មាន សណ្ឋាគារចំនួន ១៤កន្លែង ឬស្មើ ៥៤៨បន្ទប់។ ផ្ទះសំណាក់មានចំនួន ៣៦កន្លែង ឬស្មើ ៥៤១បន្ទប់។ ភោជនីយដ្ឋានអាហារដ្ឋានមានចំនួន៣៨កន្លែង ឬស្មើ ១៩៥៦កៅអី និង ខារ៉ាអូខេ មានចំនួន ១៣កន្លែង ឬស្មើ ៨៧បន្ទប់៕ ដោយ៖ សមុទ្រឈើ