តាម Sputnik មន្ត្រីកូរ៉េខាងជើងមិនបញ្ចេញឈ្មោះម្នាក់ បានប្រកាសថា លទ្ធភាពការទូតសំដៅបញ្ចប់វិបត្តិបច្ចុប្បន្នពុំមែនជាជម្រើសរបស់កូរ៉េខាងជើងទេ។ ក្រុងព្យុងយ៉ាងនឹងចូលរួមក្នុងកិច្ចចរចា ដរាបណាអាចប្រឆាំងតបនឹងកម្លាំងយោធារបស់អាមេរិក តាមរយៈកិច្ចអភិវឌ្ឍកាំជ្រួចមួយអាចវាយលុកឆ្នេរសមុទ្រប៉ែកខាងកើតរបស់អាមេរិក ក៏ដូចជាបណ្តាទីក្រុងធំៗជាអាទិ៍ វ៉ាស៊ីនតោនឌីស៊ី និងញូយ៉ក។
មន្ត្រីកូរ៉េខាងជើងដដែលបានប្រាប់ CNN នៅថ្ងៃទី១៧ ខែ១០ ថា ៖ “មុនពេលចូលរួមចរចាជាមួយរដ្ឋការ Trump កូរ៉េខាងជើងចង់ផ្ញើចេញនូវសារច្បាស់លាស់មួយថា ក្រុងព្យុងយ៉ាងមានសមត្ថភាពវាយលុកនិងការពារខ្លួនអាចជឿទុកចិត្តបានដើម្បីប្រឆាំងតបរាល់ការឈ្លានពានណាមួយពីភាគីអាមេរិក”។
តាមបណ្តាអ្នកជំនាញការ ដើម្បីអនុវត្តបានគោលដៅខាងលើក្រុងប្យុងយ៉ាងនឹងត្រូវបន្តអភិវឌ្ឍកាំជ្រួចអន្តរទ្វីបមួយ ដែលមានសមត្ថភាពជ្រៀតចូលស្រទាប់បរិយាកាសដោយមិនរងការប្រេះបែក ។
តាមនាយកខុទ្ទកាល័យសេតវិមាន John Kelly ថ្លែងកាលពីសប្តាហ៍មុននោះឲ្យដឹងថា កូរ៉េខាងជើងកំពុងអភិវឌ្ឍបរិក្ខារនុយក្លេអ៊ែរដែលអាចបំបែកនិងផ្គុំចូលគ្នាបាន ។
សេចក្តីប្រកាសរបស់មន្ត្រីកូរ៉េខាងជើងនេះ ត្រូវបានលើកឡើងក្នុងបរិបថដែលបណ្តាអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនិងជប៉ុននៅថ្ងៃ១៧ ខែ១០ ឯកភាពបន្តបង្កើតគំនាបសេដ្ឋកិច្ចចំពោះកូរ៉េខាងជើងសំដៅបង្ខំឲ្យប្រទេសនេះវិលត្រឡប់មកកាន់តុចរចាវិញ៕