ភ្នំពេញ៖ សហជីព សមាគម និងអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួម អំពីតម្រូវការអាទិភាពរបស់ស្រី្តកម្មករនិយោជិត និងកសិករក្នុងអំឡុងវិបត្តិកូវីដ១៩ និងសំណើសុំអន្តរាគមន៍បន្ទាន់ពីសំណាក់រាជរដ្ឋាភិបាល និងក្រុមធុរកិច្ចក្នុងវិស័យឯកជន នៅក្នុងឱកាស យុទ្ធនាការ១៦ថ្ងែដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ២០២០ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវទុកចោល ក្នុងអំឡុងជំងឺរាតត្បាតសកលកូវីដ១៩។
កាលពីឆ្នាំ១៩៩១ស្ត្រីមួយក្រុមបានរួបរួមគ្នារៀបចំ យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមដើម្បីលុបបំបាត់អំពើ ហិង្សាផ្អែកលើយេនឌ័រ” ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូ ក្នុងគោលបំណងអំពាវនាវឲ្យមានការ ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្ត្រីនិងក្មេងស្រី នៅថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។ យុទ្ធនាការនេះបានបន្តធ្វើឡើងជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ និងមានការចូលរួមពីសំណាក់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ភ្នាក់ងាររដ្ឋាភិបាល ក្រុមសកម្មជនស្រ្តីនិយម សហជីព និងអង្គការសង្គមស៊ីវិល ដែលបាននឹងកំពុងបំពេញ បេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រស្ថិតក្នុងប្រទេសចំនួន១៨៧។ នៅក្នុងឱកាសយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំនេះ សហជីព សមាគម និងអង្គការសង្គមស៊ីវិលចំនួន ៩ស្ថាប័ន ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមលើកយក បញ្ហាប្រឈម និងតម្រូវការអាទិភាពរបស់ស្ត្រីកសិករ និងកម្មករនិយោជិត ក្នុងកំឡុងវិបត្តិ សកលកូវីដ១៩ មកបង្ហាញរាជរដ្ឋាភិបាល ក្រុមធុរកិច្ចក្នុងវិស័យឯកជន និងភ្នាក់ងារអភិវឌ្ឍន៍នានាជាព័ត៌មាន និងស្នើចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតបតម្រូវការទាំងនោះ។
ជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សុខមាលភាពផ្លូវកាយ ផ្លូវចិត្ត និងជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋគ្រប់រូប និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងដើរថយក្រោយ។ ស្ត្រីកម្មករនិយោជិតដែលកំពុងប្រកបការងារ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជាច្រើនម៉ឺននាក់ត្រូវបានព្យួរការងារ ឬបាត់បង់ការងារទាំងស្រុង។ កសិករ និងអ្នកលក់ដូរតាមដងផ្លូវត្រូវខាតបង់ប្រាក់ចំណូល ទន្ទឹមនេះដែរស្ថានភាពនៃអំពើហិង្សាផ្អែកលើយេនឌ័រក៏អាចមានការកើន ឡើងមកលើស្ត្រី និងក្មេងស្រីនៅក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ។ យើងខ្ញុំទទួលស្គាល់ នូវទុក្ខលំបាក និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងការខិតខំទប់ស្កាត់ កុំឲ្យ សេដ្ឋកិច្ចជាតិដួលរលំ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបចំពោះការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់វិស័យឯកជន។ សហជីព សមាគម និងអង្គការសង្គមស៊ីវិល ក៏ទទួលស្គាល់ផងដែរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និង ដេរស្បែកជើង និងវិស័យទេសចរណ៍តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ និងការចែកនូវភ្លៀង និងសម្ភារៈ ការពារកូវីដ១៩ដល់គ្រួសារក្រីក្រមួយចំនួន។
សហជីព សមាគម និងអង្គការសង្គមស៊ីវិល សូមយកឱកាសយុទ្ធនាការ១៦ថ្ងៃដើម្បីបង្ហាញជូនរដ្ឋាភិបាលឱ្យឃើញថា គោលនយោបាយឆ្លើយតប របស់រាជរដ្ឋាភិបាលក្នុងអំឡុងវិបត្តិកូវដ១៩នេះ នៅមានកង្វះចន្លោះដោយមានស្ត្រីកម្មករនៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និង ក្រៅប្រព័ន្ធជាច្រើននាក់ទៀតរួមទាំងស្ត្រីកសិករខ្នាតតូចដែលជាក្រុមអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងអំឡុង ពេលនេះមិនទាន់បានរាប់បញ្ចូលនៅក្នុងវិធានការដោះស្រាយ។ ដោយសារតែជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសារ ត្រូវពឹងអាស្រ័យលើចំណូលជាប្រចាំថ្ងៃនិងប្រចាំខែរបស់ពួកគាត់ នៅពេលដែលពួកគាត់បាត់បង់ឬត្រូវព្យួរការងារជីវភាព របស់គាត់ត្រូវធ្លាក់ចុះក្រោមបន្ទាត់នៃភាពក្រីក្រ ហើយស្ថានភាពកាន់តែវឹកវរដោយសារតែបំណុលដែលគាត់ជំពាក់ គ្រឹះស្ថានហិរញ្ញវត្ថុឯកជននិងឬម្ចាស់បំណុលឯកជន។ ស្ត្រីកសិករនិងកម្មករនិយោជិតទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធគឺជា ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ នៅពេលរាជរដ្ឋាភិបាល និងធុរៈកិច្ចជនខកខានមិនបានឆ្លើយតបតម្រូវការអាទិភាពរបស់ ពួកគាត់ ហាក់មានន័យថាពួកគាត់មិនត្រូវបានយកចិត្តទុកដាក់ ឬ ត្រូវបានទុកចោលនៅក្នុងគ្រាដ៏លំបាកនេះ។
សហជីព សមាគម និងអង្គការសង្គមស៊ីវិល ស្នើដល់រាជរដ្ឋាភិបាល និងក្រុមធុរៈកិច្ចក្នុងវិស័យឯកជន បង្កើនការវិនិយោគលើប្រព័ន្ធកិច្ចគាំពារ សង្គម និងចាត់វិធានការឆ្លើយតបលើតម្រូវការអាទិភាពចំនួន៧ចំណុចរបស់ស្រ្តីកសិករនិងកម្មករនិយោជិតក្នុងនិងក្រៅ ប្រព័ន្ធ ដូចខាងក្រោមនេះ៖
១. ស្នើរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៤០ដុល្លារក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវី១៩ ដល់កម្មករ និយោជិតគ្រប់វិស័យទាំងក្នុងនិងក្រៅប្រព័ន្ធ។
២. ស្នើអាជ្ញាធរមូលដ្ឋាន រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុសម្រួលលក្ខខណ្ឌចុះបញ្ជីបេឡារបបសន្តិសុខសង្គមដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌ សុខាភិបាលសម្រាប់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករខ្នាតតូច ជាពិសេសសូមធានាថា កម្មករស្ត្រី មានផ្ទៃពោះអាចប្រើសេវាសុខាភិបាលដោយមិនអស់ថ្លៃសេវា និងទទួលបានប្រាក់ឧបត្ថម្ភដើម្បីសម្រួលជីវភាព ប្រចាំថ្ងៃបន្ថែមទៀត។
៣. ស្នើរដ្ឋាភិបាល និងក្រុមនិយោជក ចាត់វិធានការទប់ស្កាត់និងលុបបំបាត់អំពើបៀតបៀនផ្លូវភេទ និងការរើសអើងផ្អែកលើយេនឌ័រនៅក្នុងពិភពការងារ ចាត់នីតិវិធីដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់អំពើហិង្សា និងការយាយីផ្អែកលើយេនឌ័រក្នុងពិភពការងារ របស់អង្គការអន្តរជាតិខាងការងារ (ILO.C 190) ។
៤. ស្នើរដ្ឋាភិបាលរឹតបណ្តឹង និងពង្រឹងការអនុវត្តច្បាប់ដើម្បីបញ្ឈប់អំពើហិង្សាបង្កឡើងដោយដៃគូស្និទ្ធស្នាល និង អំពើហិង្សាផ្អែកលើយេនឌ័រគ្រប់រូបភាព បង្កើនការផ្តល់សេវាឆ្លើយតបជាពិសេសក្នុងអំឡុងវិបត្តិកូវីដ១៩ ដែលផ្តោតការយកចិត្តទុកដាក់ ដោះស្រាយសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងធានាថាជនរងគ្រោះទទួលបានយុត្តិធម៌។
៥. ស្នើរដ្ឋាភិបាលការពារសិទ្ធិដីធ្លីកសិករដោយចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយ រ៉ាំរ៉ៃ និងបញ្ឈប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធឲ្យកសិករបញ្ឈប់សកម្មភាពតវ៉ាអំពីជម្លោះដីធ្លី។
៦. ស្នើរដ្ឋាភិបាលដាក់បញ្ចូលក្រុមកសិករទៅក្នុងច្បាប់ស្តីពីកិច្ចគាំពារសង្គម។
៧. ស្នើក្រុមហ៊ុនបញ្ជារទិញ និងអ្នកផ្គត់ផ្គង់រៀបចំថវិកាសង្គ្រោះបន្ទាន់តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៧៦ (ចិតសិបប្រាំមួយ) ដុល្លារ ជារៀងរាល់ខែពីលើប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០(សែសិប) ដុល្លារ ដែលរដ្ឋាភិ បាល បានផ្តល់ឲ្យកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើងដែលត្រូវបានព្យួរពីការងារ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


