គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង បានផ្ញើលិខិតជូនពរដល់មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩ -នេះបើតាម KCNA បានចុះផ្សាយព័ត៌មាន។
គណៈកម្មាធិការនេះលើកសរសើរថា ចិនមានការរីកចម្រើនដ៏ធំធេងក្នុងការសម្រេចគោលដៅកសាងលទ្ធិសង្គមនិយមតាមបែបផែនរបស់ចិន ក្រោមការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្ត ។
ប្រទេសចិនថ្ងៃសម្ភោធមហាសន្និបាតបក្សលើកទី១៩
គណៈកម្មាធិការដដែលក៏បានជូនពរឲ្យមហាសន្និបាតបក្សលើកទី១៩ របស់ចិនទទួលបានជោគជ័យដ៏អស្ចារ្យ។
មហាសន្និបាតរបស់បក្សកុម្មុយនីស្តចិនថ្ងៃនេះបានចាប់ផ្តើមនៅក្រុងប៉េកាំង ហើយអូសបន្លាយដល់ថ្ងៃទី២៤ ខែ១០។ វាជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតរបស់ចិន។ មុននោះក្រុមមន្ត្រីនិងអ្នកជំនាញការកូរ៉េខាងត្បូងព្រួយបារម្មណ៍ថា កូរ៉េខាងជើងអាចសាកល្បងអាវុធ ស្របខណៈពេលប្រព្រឹត្តទៅនៃមហាសន្និបាតបក្សរបស់ចិន។
លិខិតជូនពររបស់កូរ៉េខាងជើងត្រូវបានប្រកាសផ្សាយក្នុងស្ថានភាពដែលទំនាក់ទំនងរបស់ប្រទេសទាំង២កំពុងតានតឹង គ្រាដែលចិនបានរឹតបន្តឹងបណ្តាវិធានការដាក់ទណ្ឌកម្មចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្រុងប៉េកាំងប្រកាសថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បណ្តាវិធានការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរួមមានការនាំចូលធ្យូងថ្ម ទំនិញវាយនភណ្ឌ ផលនេសាទសមុទ្រ និងផ្អាកការនាំចេញប្រេងទៅកាន់ក្រុងព្យុងយ៉ាង។ ចិន គឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់កូរ៉េខាងជើងដែលជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានអត្រាដល់ទៅ៩០% លើជញ្ជីងពាណិជ្ជកម្មសរុប៕