ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានធ្វើពិធីចុះហត្ថលេខាតាមប្រព័ន្ធ Online ស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់ប្រទេសកម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌។
ពិធីចុះហត្ថលេខាតាមប្រព័ន្ធ Online ស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់ប្រទេសកម្ពុជាត្រូវបានចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជាមួយលោក សុខ ណារិន ប្រធានតំណាងអង្គការ UNIDO កម្ពុជា នៅទីស្តីការក្រសួងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
វាជាមោទនភាពមួយដែលកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសទទួលបានការអនុវត្តន៍ជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO) ។
ភាពជោគជ័យនេះ កើតឡើងតាមរយៈដំណើរទស្សនកិច្ចស្វែងរកការពិតរបស់ លោក លី យ៉ុង អគ្គនាយកអង្គការ (UNIDO) នៅកម្ពុជាកាលពីកំឡុងខែមេសា ឆ្នាំ២០១៧ ហើយមានជំនួបសវនាការប្រកបដោយផ្លែផ្កា ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់មក នៅទីក្រុង VIENNA ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការ UNIDO បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៌រួមលើកម្មវិធី PCP សម្រាប់ប្រទេសកម្ពុជា ដែលមានរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣ ដែលកត្តានេះកម្ពុជា បានក្លាយជាប្រទេសមួយក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកក្នុងការអនុវត្តន៍ជាគំរូនៃគំនិតផ្តួចផ្តើមកម្មវិធី PCP ។
PCP សម្រាប់កម្ពុជា បានផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៌ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ) ។
មានប្រសាសន៌ស្វាគមន៌ និងបើកកិច្ចប្រជុំ ដែលមានអ្នកចូលរួមតាមប្រព័ន្ធ Online ជាច្រើន មកពីទីតាំងនិងប្រទេសខុសៗគ្នា រួមមានមកពីតំណាងអង្គការ UNIDO តំណាងម្ចាស់ជំនួយ តំណាងអង្គទូត អង្គការក្រៅរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវមោទនភាព ដែលកម្មវិធី PCP រួមនិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌ ត្រូវបានចុះហត្ថលេខាជាផ្លូវការសម្រាប់ការអនុវត្តន៍គម្រោងកម្មវិធី បើទោះបីយើងកំពុងជួបប្រទះវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។
ជាការពិតណាស់កម្មវិធី PCP នេះ បានធ្វើឲ្យមានភាពស៊ីសង្វាក់ និងបញ្ចូលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ តាមរយៈការផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងក៏ដូចជាការវិនិយោគឯកជន សាធារណៈ ក្នុងស្រុក និងបរទេស។ សម្រាប់ប្រទេសកម្ពុជា PCP នឹងក្លាយកំលាំងចលករបន្ថែមដ៏សំខាន់មួយសម្រាប់ផែនទីបង្ហាញផ្លូវរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ។
លើសពីនេះទៀតនឹងត្រូវបានបំពេញបន្ថែមដោយអន្តរាគមន៍ជាអន្តរវិស័យនៅក្នុងវិស័យគោលនយោបាយនិងស្ថិតិឧស្សាហកម្ម -ហេដ្ឋារចនាសម្ព័ន្ធគុណភាព -ការវិនិយោគនិងការលើកកម្ពស់ពាណិជ្ជកម្ម-ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងលទ្ធភាពទទួលបានហិរញ្ញវត្ថុ -ការអភិវឌ្ឍជំនាញ-ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនិងការងារសមរម្យសម្រាប់យុវជន-ប្រសិទ្ធិភាពភាពធនធាននិងបច្ចេកវិទ្យាថាមពលប្រកបដោយនិរន្តរភាព-ការផ្ទេបច្ចេកវិទ្យា និងការច្នៃប្រឌិត-ការគ្រប់គ្រងបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖«ការដាក់ឱ្យដំណើរការជាផ្លូវការនៃ PCP នេះគឺមានភាពទាន់ពេលវេលានិងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំងនិងកៀរគរប្រភពធនធានដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើងក្នុង“ ភាពប្រក្រតីថ្មីឡើងវិញ ។»
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយរួមមានមកពីសហគមន៌អឺរ៉ុប រដ្ឋាភិបាលកូរ៉េ-ចិន-ទីភ្នាក់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌នៃប្រទេសស្វីស (SDC) និងអង្គការបរិស្ថានសកល (GEF) ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងបច្ចេកទេស លើវិស័យអាទិភាពជាច្រើន ក្រោមក្របខណ្ឌ PCP នេះ៕ រក្សាសិទ្ធិដោយ ៖ CEN