ខេត្តកណ្តាល៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រជាពលរដ្ឋក្នុង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមាណ៨០០នាក់ បានមកជួបជុំគ្នានៅមុខសាលាខេត្តកណ្ដាល ដើម្បីឲ្យអភិបាលខេត្តកណ្តាល ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ប្រមាណ២០០ហិកតា ដែល កំពុងមានទំនាស់ជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង។
ក្នុងពេលតវ៉ានោះ តំណាងប្រជាពលរដ្ឋម្នាក់ បាននិយាយថា នៅទីតាំងដីដែលមានទំនាស់នោះ គឺលោកស្រីសៀង ចាន់ហេង មានប័ណ្ណកម្មសិទ្ធិ ហើយបានយកដីនោះទៅលក់ឲ្យអ្នកផ្សេង ក្នុងតម្លៃរាប់លានដុល្លារ។ ចំណែកឯប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅតាំងពីដូនតាមកនោះ ហើយជាពិសេសកំពុងប្រកបរបរ និងធ្វើស្រែអាស្រ័យផលជាក់ស្តែងលើដីដែលកំពុងមានទំនាស់នោះ មិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះទេ ពីព្រោះអាជ្ញាធរមិនធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ដូច្នេះស្នើសូមដល់អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជាក់ស្តែងផង៕ ដោយ៖បញ្ញាស័ក្តិ