ភ្នំពេញ ៖ កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ដើម្បីទទួលបានឱកាសការងារសមរម្យប្រកបដោយផលិតភាពខ្ពស់ ឱ្យបានកាន់តែច្រើនឡើង ជាពិសេសយុវជន និងស្រ្តីវ័យក្មេងនឹងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងតាមការស្ម័គ្រចិត្ត អភិវឌ្ឍជំនាញវិជ្ជាជីវ: និងបច្ចេកទេស។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាសហប្រធានជាមួយ លោកស្រី Claire Van der Vaeren (ក្លែ វ៉ាន់ ដឺ វែរ៉ែន) ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” នៅ សណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា កម្មវិធីរួមគ្នារបស់អង្គការសប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” នេះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ និងបានដាក់សម្ភោធក្នុងខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ដំណាក់កាលដំបូងរយៈពេល ២ឆ្នាំ ក្រោមកិច្ចសហការរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងភ្នាក់ងារចំនួន៥ របស់អង្គការសហប្រជាជាតិដែលជាដៃគូដ៏សំខាន់ផ្សេងទៀត រួមមាន៖ អង្គការ ILO អង្គការ UNDP អង្គការ UNICEF អង្គការ UNESCO និងអង្គការ UNV។
គួររំលឹកផងដែរថា កម្មវិធីរួមគ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យយុវជន និងស្រ្តីវ័យក្មេង ទទួលបានឱកាសការងារសមរម្យប្រកបដោយផលិតភាពខ្ពស់ ឱ្យបានកាន់តែច្រើនឡើង ហើយអ្វីដែលជាលទ្ធផលរំពឹងនោះគឺ៖ ១). យុវជន និងស្រ្តីវ័យក្មេងនឹងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងតាមការស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវ: និងបច្ចេកទេស។ ២). យុវជន និងស្រ្តីវ័យក្មេងទាំងក្នុង និងក្រៅសាលាបានទទួលជំនាញអាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។ ៣). យុវជន និងស្រ្តីវ័យក្មេងបានទទួលអត្ថប្រយោជន៏ដែលកើតចេញពីហានិភ័យនៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារ។
បន្ថែមលើនេះ កាលពីកិច្ចប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ “រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា” លើកទី១ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កិច្ចប្រជុំបានអនុម័តទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) របស់ក្រុមប្រឹក្សាយោបល់ និងបានស្នើឱ្យក្រុមប្រឹក្សាយោបល់នេះជួបប្រជុំពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេសជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកយោបល់ ជូនគណៈប្រឹក្សាភិបាលពិនិត្យ និងសម្រេច។ ដូច្នេះ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាយោបល់លើកទី១ នាថ្ងៃនេះដែរ ជាការជំរុញ និងលើកទឹកចិត្ត ពិភាក្សាឱ្យបានផុសផុល សំដៅស្វែងរកវិធីសាស្ត្រល្អៗ និងមានប្រសិទ្ធិភាព សំដៅជំរុញឱ្យកម្មវិធីខាងលើនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ពោលគឺ ដើម្បីពង្រឹងយុវជន និងស្រ្តីវ័យក្មេងនៅកម្ពុជាយើង ឱ្យកាន់តែមានសមត្ថភាពពេញលេញ ក្នុងការចាប់យកឱកាសការងារដ៏សម្បូរបែប៕ ដោយ៖បញ្ញាស័ក្តិ