ខេត្តសៀមរាប៖ វេជ្ជបណ្ឌិតអគ្គនាយកបច្ចេកទេសសុខាភិបាល បានណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនិងគោរពក្រមសីលធ៌មវិជ្ជាជីវ:សុខាភិបាល ពិសេសផ្នែកមន្ទីរពិសោធន៍នេះឲ្យបានល្អខ្ជាប់ខ្ជួន ហើយថាមន្រ្តីទាំងអស់ត្រូវបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ជាកត្តាជំរុញឲ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិភាព។
នៅថ្ងៃចន្ទ ទី១៩ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅខេត្តសៀមរាប នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជាដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាព ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ដោយមានសិក្ខាកាមចូលរួមជាអនុប្រធានមន្ទីរសុខាភិបាលនិងអ្នកទទួលខុសត្រូវមន្ទីរពិសោធន៌មកពីបណ្តារាជធានី-ខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ DMDP និង I-TECH សរុបប្រមាណជា៧០នាក់។
លោកស្រីវេជ្ជបណ្ឌិត មន្ទីរពិសោធន៍ត្រូវផ្សារភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ អ្នកគ្រូពេទ្យ ដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាពល្អ នឹងជួយជំរុញឲ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រិតល្អហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។ លោកស្រី ក៏បានជំរុញឲ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឲ្យសោះ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។
ម្យ៉ាងទៀត មន្ទីរពិសោធន៌ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានសង្កត់ធ្ងន់បន្ថែមសូមឲ្យខិតខំជម្រុញមន្ទីរពិសោធន៍ទាំងអស់ ឆ្ពោះទៅរកគុណភាពតាម ISO15189 និងបំពេញតាមគោលការណ៌៍ IHR 2005 ជាចាំបាច់។
លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឲ្យមានការវិភាគជំងឺខុស ឫព្យាបាលមិនពូកែ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ផ្តល់ចញមកមិនត្រឹមត្រូវឲ្យសោះ។ លោកស្រីបានលើកសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមករបស់បុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឲ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា MERS SARS Ebola និងZika ជាដើម ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសំរាប់ជំងឺផ្តាសាយបក្សី H5N1 ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ