Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ប្តេជ្ញា​អភិវឌ្ឍន៍​គម្រោង​សាងសង់​រដ្ឋបាល​ប្រមូលផ្តុំ ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​ភ្នំក្រវាញ ឱ្យ​ក្លាយជា​រដ្ឋបាល​គំរូ​ដែលមាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត

​ពោធិ៍សាត់​៖ បើតាម​ប្រភពពី​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាសថា​នឹង​ប្តេជ្ញា​អភិវឌ្ឍន៍ គម្រោង​សាងសង់​រដ្ឋបាល​ប្រមូលផ្តុំ របស់​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​ភ្នំក្រវាញ ឱ្យ​ក្លាយជា​រដ្ឋបាល​គម្រូ​ដ៏​ល្អ​មួយ ដែលមាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត សាក​សមជា​ទីកន្លែង​ផ្តល់​សេវាសាធារណៈ ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បានប្រកាស​បែបនេះ ក្នុងឱកាស​ដឹកនាំ​មន្ទីរជំនាញ និង​អាជ្ញាធរ​ស្រុក ឃុំ ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​រដ្ឋបាល​ប្រមូលផ្តុំ ស្រុក​តា​លោ​សែន​ជ័យ លើ​ផ្ទៃដី​ដី​បម្រុង​ទុក​របស់​រដ្ឋ ប្រមាណ​ជាង​៧០​ហិកតា ក្នុងភូមិ​សាស្ត្រ​ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​ភ្នំក្រវាញ លើ​ផ្ទៃដី​ប្រមាណ​ជិត​២០​ហិកតា ជាប់​ផ្លូវជាតិ​លេខ​៥៥ ស្ថិតក្នុង​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​បើតាម​ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំ​រដ្ឋបាល​ប្រមូលផ្តុំ របស់​សាលាស្រុក​តា​លោ​សែន​ជ័យ និង​សាលាស្រុក​ភ្នំក្រវាញ​នេះ​ឡើង គឺជា​គំរូ​មួយ​ដ៏​ល្អ សម្រាប់​បណ្តា​ស្រុក​ដ៏ទៃទៀត ក្នុងការ​បម្រើសេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ភាពងាយស្រួល និង​កាត់បន្ថយ​នូវ​ពេលវេលា​ក្នុងការ​មក​ទំនាក់ទំនង ជាពិសេស​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​គ្រប់​ស្ថាប័ន​អង្គភាព ចំណុះឱ្យ​រដ្ឋបាល​ស្រុក​ផងដែរ​។​

​ឯកឧត្តម​បាន​បន្ថែមថា ស្រុក​តា​លោ​សែន​ជ័យ គឺជា​ស្រុក​កូនពៅ និង​ជា​ស្រុក​ដែល​ទើបនឹង​បង្កើត​ថ្មី មាន​ឃុំ​ចំនួន​០២ ក្នុងនោះ​មាន​ឃុំ​តា​លោ ដែល​កាត់​ចេញពី​ស្រុក​បាកាន និង​ឃុំ​ផ្ទះ​រុង ដែល​កាត់​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ទីតាំង​រដ្ឋបាល​ប្រមូលផ្តុំ​របស់​សាលាស្រុក​តា​លោ​សែន​ជ័យ នឹងត្រូវ​សាងសង់ឡើង នៅលើ​ផ្ទៃដី​បម្រុង​ទុក​របស់​រដ្ឋ ប្រមាណ​ជាង​៧០​ហិកតា រួមមាន​រចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​សាងសង់ឡើង​ឱ្យមើល​ពីលើ​ឃើញថា ក្នុងសម័យ​តេ​ជោ​សែន ក្នុងនោះ​មាន​អគារ​រដ្ឋបាល មាន​ការិយាល័យ​នានា​ជុំវិញ​ស្រុក មាន​ពហុកីឡាដ្ឋាន សម្រាប់​ច្រ​ត​ព្រះ​នង្គ័ល មាន​កន្លែង​ប្រណាំង​គោក្របី មាន​ប្រព័ន្ធ​ធា​រាស្ត្រ សម្រាប់​កម្រិត​នៃ​ការ​អុំទូក​ថ្នាក់​ខេត្ត មាន​ប្រព័ន្ធ​ផ្លូវ ភ្លើង ទឹក ហើយ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់នេះ គឺ​យើង​ធ្វើឡើង​ដើម្បី​ជា​សុខទុក្ខ​ពុក​ម៉ែ​ប្រជាពលរដ្ឋ​របស់​យើង​។

​ដោយឡែក​សាលាស្រុក​ភ្នំក្រវាញ​បច្ចុប្បន្ន​មាន​ទីធ្លា​តូចចង្អៀត តម្រូវឱ្យ​សាងសង់​ថ្មី មាន​លក្ខណៈ​ប្រមូលផ្តុំ​ជារួម នៅលើ​ផ្ទៃដី​បម្រុង​ទុក​របស់​រដ្ឋ​ដូចគ្នា ទំ​ហុំ​ប្រមាណ​ជិត​២០​ហិកតា ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ចំពោះ​ទីតាំង​នេះ គឺ​ពិតជា​ស្រស់ស្អាត និង​មាន​សក្តានុពល​ខ្ពស់ ពីព្រោះ​នៅ​ជិត​ទំនប់​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រម និង​នៅជាប់​ផ្លូវជាតិ​លេខ​៥៥ ឆ្លងកាត់​ទៅ​ព្រំដែន​កម្ពុជា​ថៃ ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅ​ខេត្តបាត់ដំបង ឬ​ទៅ​ខេត្តកោះកុង​បាន​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើងថា យើង​មានឱកាស​កសាង​សមិទ្ធផល​នានា​បាន គឺ​ដោយសារ​កត្តា​នៃ​សុខសន្តិភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​យកអាយុ​ជីវិត​ទៅ​ប្តូរ រហូត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដល់​សព្វថ្ងៃ​, ហើយ​បងប្អូន​ប្រជាពលរដ្ឋ ក៏​អាចធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ដោយ​គ្មាន​ការភ័យខ្លាច​ដូច​ពីមុន​ទៀតឡើយ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរជំនាញ និង​អាជ្ញាធរ​ស្រុក សហការ​សិក្សា​គម្រូ​ប្លង់​មេ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ការសាងសង់​ទទួលបាន​ជោគជ័យ សោ​ភណ្ឌ​ភាព និង​សម្រាប់​ជា​ប្រវត្តិសាស្ត្រ ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្តម​ក៏បាន​បន្ត​ចុះ​ពិនិត្យមើល​ទីតាំង​គ្រោង​រៀបចំ​កន្លែង​អភិរក្ស និង​ចិញ្ចឹម​ត្រី​មេ​ពូជ ដើម្បី​បង្កើន​ផលិតភាព​ជលផល​តាម​វាលស្រែ និង​ដើម្បី​បង្កើត​ជម្រក​ត្រី​មេ​ពូជ​ក្នុង​រដូវប្រាំង​ឱ្យ​សម្បូរ​គ្រប់​រដូវ​កាល នៅក្នុង​ស្រះ​ឯកជន ស្ថិតក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×