ភ្នំពេញ៖ រាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្រុមប្រឹក្សាជាតិនេះ មានសមាសភាព ៣៨រូប ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស រីឯ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន។
ចំណែកអនុប្រធាន មាន ៧រូប ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ព្រមទាំងសមាជិកផ្សេងទៀត ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនានា ព្រមទាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ។
សមាសភាពខាងលើត្រូវអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ ដូចមានចែងនៅក្នុងព្រះរាជក្រឹត្យលេខ នស/ រកត/១០២០/១០៧៣ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ