ភ្នំពេញ ៖ លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថៃ អំពីចំណាត់ការដ៏មុតស្រួចរបស់សម្តេចតេជោ ក្នុងការគ្រប់គ្រង កូវីដ១៩ បានយ៉ាងល្អ និងទាន់ពេលវេលាដោយមានចំនួនអ្នកឆ្លងសរុបតិចតួចបំផុតត្រឹមតែ៤១នាក់ ពីហេតុការណ៍ចម្លងក្នុងសហគមន៍២៨ វិច្ឆិកា ហើយពុំមានអ្នកជំងឺណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ ។
សូមជម្រាបថា គិតត្រឹមថ្ងៃ១៦ ខែធ្នូនេះ អ្នកមានវីរុសកូវីដ១៩ សរុប៣៦២នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយ៣១៩នាក់ ។ ចំណែកអ្នកជំងឺកូវីដ១៩ ដែលរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ដែលក្នុងនោះមាន៨នាក់ ព្យាបាលជាសះស្បើយ ។
ថ្មីៗនេះសារព័ត៌មានអន្តរជាតិនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន បានចុះផ្សាយព័ត៌មានមិនពិតញុះញង់ ពាក់ព័ន្ធនឹង ការរីករាលដាលជំងឺកូវីដ ១៩ និងការដោះស្រាយវិបត្តិកូវីដ ១៩ នៅកម្ពុជា ។ សារព័ត៌មានទាំងនោះ បាននិយាយថា ៖ កម្ពុជាបានឆ្លងកូវីដ ១៩ រាប់ពាន់រាប់ម៉ឺននាក់ហើយ រដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន ។
ដើម្បីបំភ្លឺការពិតអំពីវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានផ្តល់ បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេស ក្នុងនោះមានសារព័ត៌មានថៃមួយចំនួន ដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai , newstrueid ជាដើម ។
លោកបណ្ឌិត សុខ សុក្រឹត្យា បានបកស្រាយបំភ្លឺនិងពន្យល់បណ្តាញសារព័ត៌មានទាំងនោះថា ៖ កម្ពុជាពុំមានអ្នកឆ្លងរហូតដល់រាប់ម៉ឺន នាក់ ដូចការចុះផ្សាយបំផ្លើសរបស់សារព័ត៌មានមួយចំនួននោះទេ ហើយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ នេះ និងកំពុងស្ថិតក្រោមការគ្រប់គ្រងបាន ។
សូមជម្រាបថា ៖ គិតត្រឹមថ្ងៃទី១៦ ធ្នូ នេះ អ្នកមានវីរុសកូវីដ ១៩ សរុប ៣៦២ នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះស្បើយ ៣១៩ នាក់ ។ ចំណែកអ្នកជំងឺកូវីដ ១៩ ដែលរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ « សហគមន៍ ២៨ វិច្ឆិកា » ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ មានចំនួន ៤១ នាក់ ( ស្រី ១៩ នាក់ និងប្រុស ២២ នាក់ ) ដែលក្នុងនោះមាន ៨ នាក់ ព្យាបាលជាសះស្បើយ ។
ក្រៅពីឆ្លើយតបនឹងព័ត៌មានមិនពិតទាំងនោះ លោក បណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថៃអំពីចំណាត់ការដ៏មុតស្រួច របស់សម្តេចតេជោ ក្នុងការគ្រប់គ្រងកូវីដ ១៩ បានយ៉ាងល្អ និងទាន់ពេលវេលាដោយមានចំនួនអ្នកឆ្លងសរុបតិចតួចបំផុតត្រឹមតែ ៤១ នាក់ ពីហេតុការណ៍ចម្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ហើយពុំមានអ្នកជំងឺណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ ។
លោកបានគូបញ្ជាក់ថា « មិនត្រឹមតែប៉ុណ្ណោះសម្តេចតេជោបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឱ្យត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូស មកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ។ ជាពិសេសអ្នក ដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដូចជា គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ជាដើម » ។ ក្រោយពីការប្រកាសរបស់សម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ មកចាក់ជូនប្រជាជនអត់គិតថ្លៃនោះ ចលនាសាមគ្គីភាព និង ទឹកចិត្តស្រឡាញ់ប្រទេសជាតិនោះ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ដែលរហូតមកដល់ពេលនេះ ទទួលបានថវិកាជិត៥០លានដុល្លារ » និង ៣,៩០០ លានរៀល ពីសប្បុរសជនចំនួន ៣៨,៤១១ នាក់ » ។
លោកបណ្ឌិត បានជម្រាបសារព័ត៌មានថៃថា ៖« សម្តេចតេជោ បានថ្លែងថា ៖ សម្តេចអត់នឹកស្មានថា បញ្ហាវ៉ាក់សាំងបានក្លាយទៅជា ចលនាជាតិដ៏ធំហើយ វាបានក្លាយទៅជាខឿនការពារសុខភាពរបស់ប្រជាជន ដែលជាយុទ្ធសាស្ត្រដ៏លំទូលាយ និងស៊ីជម្រៅនៅក្នុងជាតិ សាសន៍របស់យើងច្រើនយ៉ាងណាស់ ជាពិសេសគឺស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ក្នុងចំនួនដ៏ច្រើនលើសលប់ ។ នៅពេលដែលខ្ញុំបង្ហោះ Facebook ចេញខ្ញុំអត់បានគិតទៅលើការចូលរួម វិភាគទានពីសំណាក់ប្រជាពលរដ្ឋនោះទេ ហើយនៅក្នុងសារនោះខ្ញុំក៏មិនបានអំពាវនាវឱ្យមានការចូលរួមរបស់ប្រជាជនទេ ដែលខុសពីមនុស្សខ្លះនិយាយថា លោក ហ៊ុនសែន រៃអង្គាស និងរហូតដល់ប្រើពាក្យថា រៃអង្គាសយកមកបើកប្រាក់ខែ ដោយសារតែអត់មានលុយបើកប្រាក់ខែ ( ជូនមន្ត្រីរាជការ ) តែខ្ញុំ សូមបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជនមិនបាន ១ ភាគ ៤ នៃ ប្រាក់ខែ ដែលត្រូវចំណាយ ដែលក្នុង ១ ខែជាង២០០ លានដុល្លារនោះទេ » ។
សម្តេចហ៊ុនសែន បញ្ជាក់ថា ៖ សូមកុំមានការភាន់ច្រឡំឱ្យសោះ និងជាពិសេសសូមកុំមើលស្រាលទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យសោះ ។ ខ្ញុំមិននឹកស្មានថាប្រជាជនកម្ពុជា និងមហាជនគ្រប់ស្រទាប់វណ្ណៈបានបរិច្ចាគនូវថវិកាផ្ទាល់មកឱ្យរាជរដ្ឋាភិបាល ក្នុងគ្រាជួប វិបត្តិរាតត្បាតជំងឺកូវីដ ១៩ នេះនោះ ដែរ ។ ខ្ញុំបានចាត់ទុកការបរិច្ចាគថវិកាពីសំណាក់ប្រជាជនកម្ពុជា និងសប្បុរសជននានា គឺជា ចលនាជាតិដ៏ធំទូលំទូលាយដែលខ្ញុំប្រសិទ្ធនាមថា « ជាខឿនការពារសុខភាពរបស់ប្រជាជន » ហើយដែលខ្ញុំប្រៀបធៀបវាទៅហ្នឹង ចលនាជាតិ ដែលជាខឿនការពារជាតិរបស់ប្រជាជន ឆ្នាំ២០០៨, ២០១១ និងមានរហូតមកដល់សព្វថ្ងៃជាខឿនការពារជាតិរបស់ប្រជាជន » ។
ជាងនេះទៅទៀត ទីប្រឹក្សាផ្ទាល់សម្តេចតេជោរូបនេះ បានប្រាប់បណ្តាញសារព័ត៌មានថៃថា ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍ និងវិធានការទាំង ១៤ ចំណុច ដើម្បីបង្ការនិងទប់ស្កាត់កូវីដ ១៩ ដែលក្នុងនោះ រួមមាននោះ រួមមាន ៖ អនុវត្ត ៣ វិធាន ការពារ ៖១- ពាក់ម៉ាស់ ២- លាងដៃ ,៣- គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី ១ ម៉ែត្រកន្លះ ឡើងទៅឱ្យបាន គ្រប់គ្នានៅគ្រប់ទីកន្លែង ), កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម ពេលជួបគ្នាអ្នកមានផ្តាសាយ ឬសង្ស័យមាន ជំងឺកូវីដ ១៩ កុំចេញក្រៅហើយត្រូវទាក់ទងទៅគ្រូពេទ្យ ) ។ ជាពិសេស លើកទឹកចិត្តឲ្យមានតម្លាភាព និងភាពស្មោះត្រង់ក្នុងការបង្ហាញខ្លួន ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ បានលឿន ។ អំពាវនាវប្រជាពលរដ្ឋ ទាំងអស់មានភាពស្មោះត្រង់ និងបង្ហាញខ្លួន ។ សូមអំពាវនាវប្រជាពលរដ្ឋកុំមានការរើសអើងចំពោះអ្នកដែលមានវិជ្ជមានកូវីដ១៩ ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ