ប៉ៃលិន៖ យោងតាមលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិន ទទួលបានប្រភពអគ្គិសនី ចំនួន២ប្រភព ដើម្បីផ្គត់ផ្គង់ក្នុងខេត្ត ដោយប្រភពទី១ បានមក ពីអគ្គិសនីខេត្តបាត់ដំបង ចំនួន ០៤មេហ្គាវ៉ាត់ និងប្រភពទី២ បានពីប្រទេសថៃ ០៤មេហ្គាវ៉ាត់។
ទន្ទឹមនិងទទួលបានប្រភពអគ្គីសនីចំនួន២ប្រភពនេះ អគ្គិសនីកម្ពុជា (EDC) ក៏គ្រោងនិងបង្កើតអនុស្ថានីយ៍មួយនៅខេត្តប៉ៃលិន នាឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្គត់ផ្គង់ចរន្តអគ្គិសនី ក្នុងខេត្តឱ្យបានគ្រប់គ្រាន់។
លោកសុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងថា អគ្គិសនីកម្ពុជា គ្រោងនិងបង្កើតអនុស្ថានីយ៍មួយ នៅខេត្តប៉ៃលិន ហើយនិងដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងខេត្ត ឱ្យបានគ្រប់គ្រាន់ នាពេលខាងមុខ ខណៈខេត្តប៉ៃលិន មានរោងចក្រ និងសហគ្រាសធំៗផងដែរ។
លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានបន្តថា ក្នុងខេត្តប៉ៃលិន មាន ៩០ភូមិ ដោយការផ្តល់សេវាអគ្គិសនីទាំងពីរប្រភពដែលបានមកពីខេត្តបាត់ដំបង និងប្រទេសថៃ បានចំនួន ៨៧ភូមិ ដែលស្មើនិង ៩៧% ហើយក្នុងពេលឆាប់ៗនេះ និងបន្តភ្ជាប់ចរន្តអគ្គសនី ក្នុងឆ្នាំ២០២១ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់។
គួរបញ្ជាក់ថា តម្លៃថាមពលអគ្គិសនី ដែលទទួលបានពីបណ្តាញជាតិ មាន៤ ប្រភេទ៖ ប្រភេទទី១ អតិថិជន ដែលប្រើប្រាស់ថាមពល តិចជាង ១០គីឡូវ៉ាត់ម៉ោង មានតម្លៃ ៣៨០រៀល ទី២ អតិថិជន ប្រើប្រាស់ថាមពល ចាប់ពី ១១ ដល់ ៥០គីឡូវ៉ាត់ម៉ោង មានតម្លៃ ៤៨០រៀល ទី៣ អតិថិជន ប្រើប្រាស់ ចាប់ពី ៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោង មានតម្លៃ ៦១០រៀល ទី៤ អតិថិជន ប្រើប្រាស់ ចាប់ពី ២០១ គីឡួវ៉ាត់ម៉ោងឡើងទៅ មានតម្លៃ ៧៣០ រៀល។
សូមជម្រាបផងដែរថា តម្លៃទាំងនេះ គឺមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះ តម្លៃដែលប្រើប្រាស់បន្តពីប្រទេសថៃ មានតម្លៃ ៨.១ បាត ប្រមាណ ១១០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង៕រក្សាសិទ្ធិដោយ៖CEN