Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតកូរ៉េ ៖ ជំរុញអ្នកវិនិយោគទុនកូរ៉េ អោយមកវិនិយោគនៅកម្ពុជាអោយកាន់តែច្រើន

លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានជម្រាបសម្តេចតេជោ ហ៊ុន សែនថា បេសកកម្មរបស់លោក មកកាន់កម្ពុជា គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីឲ្យកាន់តែល្អ និងដើម្បីជំរុញអ្នកវិនិយោគ​ទុន​​កូរ៉េអោយមកវិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើង។

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

លោក Oh Nak Young អគ្គរដ្ឋទូត បានគោរពពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីកូរ៉េ ជូនសម្តេចតេជោ ហើយលោកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍ថា លោកធ្លាប់បានមកធ្វើការក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៣។ នៅពេលដែលបានដល់កម្ពុជាក្នុងពេលនេះសារជាថ្មី លោកអគ្គរដ្ឋទូតបានមើលឃើញប្រទេសកម្ពុជាមានការផ្លាស់ប្តូរនិងរីកចម្រើនយ៉ាងខ្លាំង គឺទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងស្ថេរភាពនយោបាយ និងសុខសន្តិភាពនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

លោក Oh Nak Young អគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចតេជោ ផងដែលថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីឲ្យកាន់តែល្អ និងដើម្បីជំរុញអ្នកវិនិយោគទុនកូរ៉េអោយមក​វិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើង។ លោកក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨ នេះ គឺរដ្ឋាភិបាលកូរ៉នឹងជំរុញអោយមានទំនាក់ទំនងរវាងប្រជាជនកូញរ៉េ និងប្រជាជនកម្ពុជាអោយកាន់តែមានទំនាក់ទំនងល្អនឹងគ្នា រួមជាមួយទំនាក់ទំនងនិងសហប្រតិបត្តិការលើវិស័យវប្បធម៍ និងសន្តិភាពផងដែរ។

លោក Oh Nak Young ក៏បានជម្រាបជូន សម្តេចតេជោ បន្ថែមទៀត អំពីនយោបាយឆ្ពោះទៅកាន់ទិសខាងត្បូង របស់កូរ៉េនោះគឺសុទ្ធ​សឹងតែជាគោលនយោបាយដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែលត្រូវពង្រីកពីកម្រិតរដ្ឋមន្រ្តីការបរទេសអោយទៅជាកម្រិតរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានអបអរសាទរ ចំពោះលោក Oh Nak Young អគ្គរដ្ឋទូតថ្មីនៅកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថាការរីកលូតលាស់របស់កម្ពុជា គឺមានការចូលរួមចំណែកយ៉ាងច្រើនពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ពេញចិត្តនិងអរគុណយ៉ាងខ្លាំងចំពោះការជួយសម្របសម្រួលយកចិត្តទុកដាក់ពីរដ្ឋាភិបាលកូរ៉េចំពោះពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ដែលបាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍សង្គមគ្រួសារនៅកម្ពុជា។ សម្តេចតេជោបានអបអរសាទរនិងស្វាគមន៍ផងដែរចំពោះដំណើរការសាងសង់អាគារ៤២ជាន់ឡើងវិញ ដែលបានទុកចោលអស់រយៈពេលដ៏យូរមកហើយនោះ​។ នៅក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោ បានស្នើសុំប្រទេសកូរ៉េជួយកសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជានៅកម្ពុជា ព្រោះកន្លង​មក​គឺមានស្ពានមិត្តភាពកម្ពុជា-ចិន, និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលបានកសាងរួចហើយ។ លោកអគ្គរដ្ឋទូតបានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលកូរ៉េកំពុងយកសំណើ សម្តេចតេជោ ទៅសិក្សាលើគម្រោងសាងសង់ស្ពានមិត្តភាព ដែលនឹងត្រូវសាងសង់អោបានល្អបំផុត។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសួរសុខទុក្ខជូនដល់ លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងជូនពរឱ្យលោក Oh Nak Young បំពេញបេសកកម្មនៅកម្ពុជាទទួលបានជោគជ័យ ហើយសម្តេចតេជោក៏បានផ្តាំផ្ញើសូមឲ្យលោក​​​​​អគ្គរដ្ឋទូតថ្មីជួយផ្សព្វផ្សាយគៀងគរ និងជំរុញទេសចរណ៍ និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើន៕ ដោយ៖បញ្ញាស័ក្តិ

×