ពលទាហានអាមេរិក ថៃ និងប្រទេស១ចំនួនទៀត បាននាំគ្នាផឹកឈាមពស់វែក ស៊ីខ្យាដំរី… អំឡុងពេលសមយុទ្ធ “ពស់វែកមាស” ដែលជាសមយុទ្ធយោធាធំបំផុតទ្វីបអាស៊ី។
សមយុទ្ធពស់វែកមាស បានឈានចូលឆ្នាំទី ៣៧ហើយ ហើយបានក្លាយជាសមយុទ្ធយោធាមួយ ក្នុងចំណោមសមយុទ្ធយោធាធំបំផុតនៅទ្វីបអាស៊ី។ ដោយមានការចូលរួមពីពលទាហានរាប់ពាន់នាក់ មកពីថៃ និងអាមេរិក និងប្រទេសដទៃៗទៀតមួយចំនួន ពួកទាហានទាំងនោះនឹងត្រូវបានលត់ដំសមត្ថភាពប្រយុទ្ធពិសេសៗ ក្នុងអំឡុង ១០ថ្ងៃ នៃការធ្វើសមយុទ្ធ។
ក្រៅពីយុទ្ធសាស្ត្រ យុទ្ធវិធីប្រយុទ្ធ ពួកគេនៅត្រូវបានលត់ដំឲ្យចេះរស់នៅបានក្នុងស្ថានភាពដាច់ស្បៀងអាហារ ដោយផឹកឈាមពស់វែក មុនពេលពួកវាត្រូវបានចម្អិនឆ្អិន យកមកបរិភោគ។ ក្រៅពីនោះក៏នៅមានហាត់រៀនពីរបៀបយកពិសពីខ្យាដំរី និងពីងពាង Tarantula មុនពេលបរិភោគពួកវា ការស្វែងរកប្រភពទឹកព្រៃជ្រៅ សម្គាល់បានពីប្រភេទរុក្ខជាតិអាចបរិភោគ។
សមយុទ្ធពស់វែកមាសឆ្នាំនេះ ប្រមូលផ្តុំទាហាន ៦.៨០០នាក់ ចូលរួម ដែលកើនឡើងទ្វេដង ប្រៀបនឹងឆ្នាំមុន។ នេះក៏ជាសញ្ញាបង្ហាញពីភាព “កក់ក្តៅ” នឹងគ្នាជាងមុនរវាងទាហានអាមេរិក និងថៃ ដែលជាសម្ព័ន្ធមិត្ត។ ក្រៅពីនោះក៏មានទាហានឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងសិង្ហបុរី។
គួររំលឹកថា ទំនាក់ទំនងអាមេរិក ថៃ បានធ្លាក់ចុះតាំងពីឆ្នាំ ២០១៤ ក្រោយរដ្ឋប្រហារយោធា ដោយអាមេរិកបានកាត់បន្ថយជំនួយយោធា។ ប៉ុន្តែពេលប្រធានាធិបតី Donald Trump រឿងកាន់តំណែងទំនាក់ទំនងភាគីទាំង ២ ត្រូវបានស្តារឡើងវិញ។ មជ្ឈដ្ឋានអ្នកវិភាគលើកឡើងថា ៖ ឥរិយាបថរបស់អាមេរិកបញ្ជាក់ថា ពួកគេកំពុងសម្លឹងឃើញសារៈសំខាន់នៃការ “វិលត្រឡប់” មកអាស៊ីវិញ។
ទ័ពកូរ៉េខាងត្បូង ក្នុងសមយុទ្ធ
ហ្វឹកហាត់វិធីសម្របខ្លួនរស់ពេលដាច់ស្បៀង ក្នុងព្រៃជ្រៅ
នាំគ្នាផឹកឈាមពស់វែក
រៀនពីវិធីទប់ទល់នឹងពស់វែក៕ សូយន