បន្ទាយមានជ័យ៖ ពលករខ្មែរឆ្លងដែនខុសច្បាប់១៣០នាក់ ត្រូវបានអាជ្ញាធរថៃ និងវៀតណាម បញ្ជូនមកកម្ពុជាវិញ ក្នុងនៅ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ៥៤នាក់ ពីអាជ្ញាធរថៃ, ប្រជាពលរដ្ឋដែលវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មាន ៦៥នាក់ និងអ្នកដំណើរ១១នាក់ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដោយអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល។
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧និង១៥នាទី បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៥៤នាក់ ស្រី ០៦នាក់ និងកុមារ ០១នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។
ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៦៥នាក់ ស្រី ២៥នាក់ និងបានទទួលពលរដ្ឋខ្មែរចំនួន ០២នាក់ ពីភាគីថៃ ពាក់ព័ន្ធនឹងបទលួចចូលកាប់ឈើខុសច្បាប់ ក្នុងទឹកដីប្រទេសថៃ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង២៥នាទី ប៉ុស្ដិ៍បានបំពេញបែបបទ ឲ្យអ្នកដំណើរសញ្ជាតិវៀតណាម ចូលប្រទេស មានចំនួន ១០នាក់ និងពលរដ្ឋខ្មែរ ០១នាក់។ ដោយយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ជូនពលរដ្ឋខ្មែរនិងវៀតណាម យកទៅធ្វើចត្តាឡីស័ក នៅទីស្នាក់ការរបស់ក្រុមហ៊ុន ដុងភូ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុង ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ