ភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៤ ដូចខាងក្រោមនេះ៖
របៀបវារៈទី១៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត ជីវភាពរបស់ប្រជាជន និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីថ្មី ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
ថវិកាឆ្នាំ២០១៩ គឺជាថវិកាយុទ្ធសាស្ត្រនៃការថែរក្សាការពារសមិទ្ធផលដែលសម្រេចបានដោយលំបាកក្នុងរយៈពេលកន្លងមក និងការគាំទ្រដល់ការសម្រេចបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាទ្រទ្រង់ដល់ដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិធីនៃការអភិវឌ្ឍឥតឈប់ឈរ ប្រកបដោយគុណភាព និងចីរភាព។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៣ជំពូក និង២២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ
សេចក្តីព្រាងច្បាប់នេះ ជំនួសឱ្យច្បាប់ចាស់ស្តីពីមូលបត្ររដ្ឋឆ្នាំ២០០៧ មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបខ្ពស់ទៅនឹងបរិបទបច្ចុប្បន្ន និងនិន្នាការការប្រែប្រួលនៃការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការកំណត់នូវក្របខ័ណ្ឌ និងគោលបំណងជាក់លាក់រួមសម្រាប់ការគ្រប់គ្រង ការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈសំដៅរួមចំណែក ការពង្រឹង ការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ការឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍវិស័យមូលបត្រ និងហិរញ្ញវត្ថុ និងការគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត ព្រមទាំងអាចទទួលបានអំណាចគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអតិផរណាក្នុងស្រុក តាមរយៈការបោះផ្សាយមូលបត្រ និងការដាក់លក់មូលបត្ររដ្ឋដល់វិស័យឯកជន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៥ជំពូក និង១៦មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់សម្រាប់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យ ដើម្បីធានាបាននូវស្ថិរភាព និងចីរភាពនៃប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះចូលជាធរមាន រាជរដ្ឋាភិបាលនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រឹង និងធានាបាននូវប្រសិទ្ធភាព ការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងលើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២៤មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕រក្សាសិទ្ធិដោយ៖CEN