មន្ត្រីថៃនឹងធ្វើតេស្តទៅលើលាមកមនុស្សទាំងនេះ ដែលបានរកឃើញនៅកន្លែងបោះជំរុំមួយ នៅក្នុងទីជម្រកសត្វព្រៃមួយ ដើម្បីព្យាយាមបង្ហាញការករណីរបស់ពួកគេ ប្រឆាំងសេដ្ឋីអ្នកជំនួញម្នាក់ ដែលរងការចោទប្រកាន់ថាបានបរបាញ់ខ្លា ។
មហាសេដ្ឋីផ្នែកសំណង់ជនជាតិថៃ លោក Premchai Karnasuta បានបដិសេធការចោទប្រកាន់នេះ ដែលប្រឆាំងនឹងរូបលោក និងមនុស្សបីនាក់ផ្សេងទៀត ។
ពួកគេត្រូវបានចាប់ខ្លួននៅដើមខែនេះ នៅឯទីជម្រកសត្វព្រៃមួយ ស្ថិតនៅភាគខាងលិចនៃប្រទេសថៃ ទីកន្លែងដែលពួកទាហានល្បាត បានឆ្មក់ចូលក្នុងជំរុំរបស់ពួកគេ ហើយបានរកឃើញកាំភ្លើងជាច្រើនដើម និងសាច់សត្វជាច្រើន ។
លោក Chaiwat Limlikitaksorn ប្រធានក្រុមការងារពិសេសជាមួយនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃ និងរុក្ខជាតិ បាននិយាយថា ការរកឃើញរលាមកមនុស្ស គឺមានសារៈសំខាន់ ព្រោះវាស្ថិតនៅជិតកន្លែងបោះជំរុំ ហើយគាត់មិនជឿថា Premchai នឹងដើរវង្វេងទៅក្នុងព្រៃចូលជ្រៅ សម្រាប់គោលបំណងបែបនេះឡើយ ។
គាត់បាននិយាយថា លាមកនេះ គឺសង្ស័យស្ថិតនៅក្បែរសំបកគ្រាប់កាំភ្លើងជាច្រើន និងនៅទីតាំងដែលសត្វខ្លារខិនត្រូវបានគេបកស្បែក ។
លោក Chaiwat បានបន្តថា៖ «វាអាចបង្ហាញថា គាត់ស្ថិតនៅទីនោះ គាត់មិនអាចនិយាយថា គាត់មិននៅទីនោះទេ»។ លោកបន្ថែមថា កាកសំណល់នេះនឹងត្រូវធ្វើតេស្ត DNA របស់ Premchai ។
លោក Premchai ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អ៊ីតាលី-ថៃ ដែលបានសាងសង់ព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ស្ថិតក្នុងចំណោមគម្រោងធំៗជាច្រើនទៀត បានបដិសេធការចោទប្រកាន់ថាគាត់បានបរបាញ់សត្វព្រៃទាំងនោះ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន ។
គាត់ និងក្រុមការងារបោះជំរុំរបស់គាត់ ត្រូវបានបង់ប្រាក់ធានាក្រៅឃុំ ខណៈពេលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។
គួរបញ្ជាក់ថា ឧទ្យានជាតិ Thungyai Naresuan ដែលជាទីកន្លែងលោក Premchai ត្រូវបានចាប់ខ្លួន គឺស្ថិតនៅខេត្ត Kanchanaburi -ទីកន្លែងដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរ ។
សត្វព្រៃដែលត្រូវបានសម្លាប់នៅជំរុំនេះ គឺមានដូចជា៖ ខ្លារខិនខ្មៅ សត្វខ្លាឃ្មុំ Kalij និងសត្វពណ៌បៃតងក្រហម ឬសំបកសត្វព្រៃ ដែលត្រូវបានអភិរក្សក្រោមច្បាប់អភិរក្សរបស់ថៃ ៕ ចន្ទី