ភ្នំពេញៈ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា នៅអគារ “ស” វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងចំនួន ២៨ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ អង្គសវនាការនេះមានការចូលរួមពីសំណាក់អ្នកប្តឹងចំនួន ១២រូប តំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៤រូប ព្រមទាំងសាធារណជនផងដែរ។
សំណុំរឿងចំនួន២៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចទទួលពាក្យបណ្ដឹងទាំង ២៨សំណុំរឿងនេះ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។ តម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល។ សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅទូទាំងប្រទេស មានពាក្យបណ្តឹងសរុប ចំនួន ១៤១ បណ្តឹង ក្នុងនោះ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១៣៩ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មាន បណ្តឹងចំនួន ២ បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំង ១៣៩ ដែលមាននៅថ្នាក់ក្រុម ប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១២០ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប ។ ជារួម នៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹង ចំនួន ១២២ បណ្តឹង។
ពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៩ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង បណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង និងសុំឱ្យផ្តន្ទាទោសចំនួន ១ បណ្តឹង) ដែល ទទួលបានពីៈ
– គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១២ បណ្តឹង។
– ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង ។
– សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១ បណ្តឹង។
សម្រាប់បណ្តឹងជំទាស់ទាំង ១៣៦ បណ្តឹង ជាបណ្តឹងសុំឱ្យលុបឈ្មោះ ប្រជាពលរដ្ឋ ដែល មិនមានលក្ខខណ្ឌ លំនៅឋាន ចំនួន ១៣៥ បណ្ដឹង និងបណ្តឹងសុំឱ្យលុប អ្នកស្លាប់ម្នាក់ ចំនួន ១ បណ្ដឹង។ ដោយឡែក បណ្តឹងតវ៉ា ចំនួន ២ បណ្តឹង ជាបណ្ដឹងសុំរក្សាទុក ឈ្មោះអ្នក បោះឆ្នោត។
លទ្ធផលនៃការដោះស្រាយ ពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់មានដូច ខាងក្រោម៖
– សម្រេចយល់ព្រមតាមពាក្យបណ្តឹង ចំនួន ៥ បណ្តឹង ក្នុងនោះមាន៖
• បណ្តឹងជំទាស់សុំឱ្យលុបឈ្មោះ ចំនួន ៣ បណ្តឹង
• បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះ ចំនួន ២ បណ្តឹង
– សម្រេចបដិសេធពាក្យបណ្តឹង ចំនួន ១៣០ បណ្តឹង
– ធ្វើលិខិតជូនដំណឹងបដិសេធទៅដើមបណ្តឹង (ជាបទល្មើសព្រហ្មទណ្ឌមិនពាក់ព័ន្ធ នឹងច្បាប់បោះឆ្នោត) ចំនួន ១ បណ្តឹង
– ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង។
ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប សរុបមានចំនួន ១២២ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១២០ បណ្តឹង) ដែលទទួលបានពីៈ
– គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១០៤ បណ្តឹង
– ប្រជាពលរដ្ឋ ចំនួន ១៨ បណ្តឹង។
លទ្ធផលនៃការដោះស្រាយ ពាក្យបណ្តឹង នៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម ៖
– សម្រេចបដិសេធ ពាក្យបណ្តឹង ចំនួន ២៥ បណ្តឹង ដែលជាបណ្តឹង ជំទាស់នឹងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ (ដើមបណ្តឹង បានប្តឹងសុំឱ្យលុបឈ្មោះ អ្នកបោះឆ្នោត ចំនួន ៧៨៩)។
– កំពុងដោះស្រាយ ចំនួន ៩៧ បណ្តឹង៕រក្សាសិទ្ធិដោយ៖CEN