ភ្នំពេញ ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យរោងចក្រកាត់ដេរជាង ២០០ នៅកម្ពុជា ផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយបង្កឱ្យមានផលប៉ះពាល់ដល់កម្មករប្រមាណជាង ១៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅទូទាំងទ្វីបអាស៊ី ជំងឺកូវីដ-១៩ បានធ្វើឱ្យប្រតិបត្តិការផលិតកម្មរាប់រយកន្លែងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ជាលទ្ធផល កម្មករកាត់ដេរ ដែលងាយរងគ្រោះរាប់ពាន់នាក់ នៅតែបន្តទទួលរងគ្រោះ ដោយសារបញ្ហាហិរញ្ញវត្ថុនិងអសន្តិសុខស្បៀង ដែលកើតមានចំពោះគ្រួសាររបស់ពួកគេ។ រាល់ការលើកឡើងរបស់សហគមន៍សកល បានមើលឃើញអំពីផលប៉ះពាល់ ដោយសារការរាតត្បាតនៃជំងឺ រួមទាំងអ្នកដែលផលិតផលិតផលវីអេហ្វ (VF Products) ផងដែរ។
ដើម្បីចូលរួមចំណែកជួយសម្រាលបញ្ហានេះ មូលនិធិវីអេហ្វ (The VF Foundation) បានធ្វើការវិនិយោគទឹកប្រាក់ជាង ៣២០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មករកាត់ដេរ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងការផ្តល់ហិរញ្ញប្បទានទាំងពីរលើក កាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជានិងឥណ្ឌា។
បើតាមឲ្យការដឹងពីអង្គការ CARE International នៅកម្ពុជា បានបញ្ជាក់ថា ជំនួយសម្រាប់ស្ត្រីនៅប្រទេសកម្ពុជា មានកម្មកររោងចក្រកាត់ដេរប្រមាណជិត ៦០០,០០០នាក់ ដែលមានស្ត្រីប្រមាណ ៨៥% នៅក្នុងកម្លាំងពលកម្មនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យរោងចក្រកាត់ដេរជាង ២០០ នៅកម្ពុជា ផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយបង្កឱ្យមានផលប៉ះពាល់ដល់កម្មករប្រមាណជាង ១៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។ យោងតាមអង្គការ CARE Cambodia កម្មការិនីមានកាតព្វកិច្ចដូចគ្នា និងជានិច្ចកាលជាអ្នកឧបត្ថម្ភផ្តាច់មុខ ដល់គ្រួសាររបស់ពួកគេ ដោយបានផ្តល់ប្រាក់ខែរបស់ខ្លួន ច្រើនជាង៤០% ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាលទ្ធផល ពួកគេ និងគ្រួសាររបស់ពួកគេ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩ និងតម្រូវឱ្យមានជំនួយយេនឌ័រជាក់លាក់ (gender-specific)។
ដើម្បីកំណត់ភាពចាំបាច់នៃយេនឌ័រជាក់លាក់ (gender-specific)នៅក្រោយពេលវិបត្តិ អង្គការ CARE Cambodia បានប្រើប្រាស់បណ្តុំវិភាគយេនឌ័ររហ័សរបស់ខ្លួន ដែលជាដំណើរការវាយតម្លៃ ៥ជំហាន ក្នុងការវាយតម្លៃអំពីតម្រូវការរបស់ស្ត្រី បុរស ក្មេងប្រុស និងក្មេងស្រី ដើម្បីកសាងផែនការឆ្លើយតបផ្នែកមនុស្សធម៌ ។ ទិន្នន័យដែលប្រមូលបាន វាបានកំណត់នូវកត្តា ដែលត្រូវបញ្ចូល ក្នុងបណ្តុំសុខុមាលភាពសម្រាប់បុគ្គលិកជាស្ត្រី។
មូលនិធិវីអេហ្វ (VF Foundation) ជឿជាក់ថា ការគាំទ្រដល់ស្ត្រី នឹងចូលរួមចំណែកដល់ការលើកកម្ពស់សហគមន៍ ជាពិសេសក្នុងពេលនៃវិបត្តិនេះ។ ដូច្នេះហើយ បានជាមូលនិធិវីអេហ្វ (The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដល់អង្គការ CARE Cambodia ដើម្បីគាំទ្រដល់កម្មការិនីរោងចក្រ ដែលមានប្រតិបត្តិការនៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ជាតំបន់ដែលកម្មកររោងចក្រ រាប់ពាន់នាក់អាចហៅបានថាជាផ្ទះ ។
ការបរិច្ចាគរបស់មូលនិធិវីអេហ្វ (The VF Foundation) បានផ្តល់ជំនួយជាឃីតអនាម័យ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាង ៩,០០០កញ្ចប់ ដែលរួមមានសាប៊ូ ម៉ាស់មុខ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងកូនកន្សែងជូតដៃ។
លោក Jan Noorlander នាយករងប្រចាំប្រទេសនៃអង្គការ CARE International ប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ប្រជាជនក្នុងសហគមន៍ទាំងនេះ កំពុងតែជួបប្រទះនូវបញ្ហាលំបាកជាច្រើនដែលមិនគួរឱ្យជឿ។ ឃីតទាំងនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើឱ្យស្ត្រីនិងកូនៗរបស់ពួកគេ រក្សាបាននូវសុខភាពល្អក្នុងអំឡុងពេលនៃការកើតមានវិបត្តិនេះ។»
ដើម្បីជួយឱ្យទទួលបាននូវតម្រូវការប្រកបដោយសក្តានុពលនៅពេលអនាគត អង្គការ CARE International ប្រចាំនៅកម្ពុជា កំពុងចងក្រងនូវរបាយការណ៍ ស្តីពីផលប៉ះពាល់រយៈពេលយូរដោយសារជំងឺកូវីដ-១៩ ចំពោះកម្មការិនីកាត់ដេរ។ មូលនិធិវីអេហ្វ (The VF Foundation) នឹងផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗទាំងនេះ ដើម្បីធ្វើការសម្រេចផ្តល់ជំនួយហិរញ្ញប្បទាននាពេលអនាគត។
ចំណែកអង្គការ GoodWeave International បានបញ្ជាក់ថា ជំនួយសម្រាប់កុមារឥណ្ឌានៅទូទាំងប្រទេសឥណ្ឌា កម្មកររោងចក្រនិងកូនៗរបស់ពួកគេ បានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ដែលបង្កដោយជំងឺកូវីដ-១៩។ កម្មកររោងចក្រលើសពី ៨០% ត្រូវបានធ្វើការស្ទាបស្ទង់មតិដោយអង្គការ GoodWeave បានបញ្ជាក់ថា ពួកគេបានបាត់បង់ការងាររបស់ខ្លួន ចាប់តាំងពីកើតមានការរាតត្បាតដោយជំងឺកូវីដ-១៩ មកម្ល៉េះ។ មនុស្សជាច្រើនបានតស៊ូខិតខំស្វែងរកចំណីអាហារ ដាក់លើតុសម្រាប់គ្រួសាររបស់ពួកគេ ចាប់តាំងពីពេលនោះមក។
ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះដោយការរាតត្បាតជាសកលទាំងនោះ មូលនិធិវីអេហ្វ(The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក ដល់អង្គការ Goodweave ដើម្បីជួយសម្រាល ដល់ការលំបាករបស់កម្មករ នៅក្នុងប្រទេសឥណ្ឌា។ ការបរិច្ចាគនេះបានចូលរួមចំណែកដោយផ្ទាល់ ដល់ការផ្តល់កញ្ចប់ម្ហូបអាហារដល់ប្រជាជនជាង ៤ ០០០គ្រួសារ ដែលមានសមាជិក ៤នាក់ សម្រាប់រយៈពេលពេញមួយខែ។ កញ្ចប់ដែលមានវេចខ្ចប់នូវអង្ករ ម្សៅ សណ្តែក ប្រេងឆា ស្ករ អំបិលក៏ដូចជា សាប៊ូ បានផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតក្នុងពេលវេលាដ៏សំខាន់នេះ។ ជារួមកញ្ចប់អំណោយនេះ ត្រូវបានផ្តល់ដល់កម្មកររោងចក្រ និងកូនៗរបស់ពួកគេសរុបប្រមាណជាង ១៦,០០០នាក់ ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។
កញ្ចប់ដែលផ្តល់ជូនមានដាក់បញ្ចូលនូវអាហារ ដែលមានសារធាតុចិញ្ចឹម ម៉ាសមុខ និងបរិក្ខារអនាម័យ ដើម្បីជួយឱ្យកុមារ មានសុខភាពល្អ និងមានសុវត្ថិភាពនៅសាលារៀន។ របបអាហារនៃគ្រាអាសន្ន ត្រូវបានផ្តល់ជូនដល់ប្រជាជន ដែលរស់នៅក្នុងនិងជុំវិញទីក្រុងហ្គួរហ្គ៊ន (Gurgaon)ដែលជាទីក្រុងមួយ ស្ថិតនៅភាគនីរតិនៃរដ្ឋធានីញ៉ូវដេលី( New Delhi) ស្ថិតក្នុងរដ្ឋហារីយ៉ាណា ((Haryana) និងតំបន់ជុំវិញទីក្រុងហ្គាហ្ស៊ីយ៉ាបាដ (Ghaziabad) និងទីក្រុងហ្វារីដាបាដ ( Faridabad ) ដែលមានកម្មកររាប់ពាន់អ្នករស់នៅ។
ការផ្តល់នូវកញ្ចប់ជំនួយសម្រាប់ជុំចុងក្រោយនេះ ធ្វើឡើងជាបឋមដោយបុព្វហេតុ នៃការធ្វើយុទ្ធនាការទីផ្សារ ដែលអនុវត្តដោយសាជីវកម្មវីអេហ្វ ក្នុងការបង្ហាញស្បែកជើងម៉ាកយីហោ Altra®។ ក្នុងខែមេសា ឆ្នាំ២០២០ ម៉ាកយីហោនេះ បានបន្តបរិច្ឆាគបន្ថែមដល់យុទ្ធនាការផ្សព្វផ្សាយស្បែកជើងសម្រាប់មូលនិធិ GlobalGiving COVID Relief Fund។ មូលនិធិវីអេហ្វ (The VF Foundation)បានផ្គូរផ្គងការទិញពីរចំណាយមួយ ដែលបានធ្វើឱ្យកើនឡើងនូវទំហំទឹកប្រាក់ជំនួយ រហូតដល់ទៅបីដង ដោយទទួលបានថវិកាបរិច្ឆាគសរុបចំនួន ១០០,០០០ដុល្លារអាមេរិក។ នេះសបញ្ជាក់បន្ថែមថា សាជីវកម្មវីអេហ្វ គ្រួសារនៃម៉ាកយីហោនានា និងមូលនិធិវីអេហ្វ(The VF Foundation) រួមគ្នាពិតជាខ្លាំងក្លាប្រាកដមែន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ