ភ្នំពេញ៖ របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រចាប់ពីការាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញ ជារបងថ្មបានប្រវែងជាង៤០០ម៉ែត្រ ក្នុងប្រវែងសរុប៦៥០ម៉ែត្រ ហើយរបងថ្មខាងលើមកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ គឺបានឈានចូលដល់ដំណាក់កាលនៃការលាបថ្នាំហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះដែរ គិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ គឺបានលេចចេញជារបង (ចាប់ពីការាសសាំងតូតាល់ រហូតដល់ជិតការាសលក់រថយន្ត) ហើយក្នុងប្រវែងនេះ ក្រុមការងារស្ថាបនាសម្រេចបាន៩០ភាគរយហើយ ដោយនៅល្ងាចថ្ងៃទី២២ធ្នូនេះ ក្រុមការងារកំពុងសម្រុកលាបថ្នាំបង្ហើយ។ ចំពោះដំណាក់កាលទី២ នឹងចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័ន ដែលមានប្រវែង៤៣៧ម៉ែត្រ។
មន្ត្រីជំនាញបានបញ្ជាក់ថា៖ ការរៀបចំធ្វើរបងថ្មជាមួយ នឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិ ឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះ ឲ្យមានសោភ័ណភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ។
គួរំលឹកផងដែរ កាលពីដើមខែកក្កដាឆ្នាំ២០២០ កន្លងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងនេះផងដែរ ដោយបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញដោយហេតុថា កំណាត់ផ្លូវមួយនេះមិនមានផ្លូវថ្មើរជើង ដូច្នេះនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ