ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងរាជ រដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនលោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ការបំពាក់មេដាយនេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ឯកអគ្គរដ្ឋទូតក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
គួរបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរី ៕រក្សាសិទ្ធិដោយ៖CEN