ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីអ្នកលក់ផលិតផលផ្នែកសម្រស់អនឡានដ៏ល្បីឈ្មោះ សាច់សខ្ចី រីឯសម្រស់ដូចរាជិនី គឺលោកជំទាវឧកញ៉ា អ៊ាន សៀវមី។ លោកស្រីក៏ត្រូវបានចាត់ទុកថា ជាបុគ្គលចិត្តធម៌មួយរូប ដែលជារឿយៗតែងជួយដល់អ្នកក្រីក្រ និងជួបការលំបាកជាច្រើនរាប់មិនអស់ និងក៏ដូចចូលរួមចំណែកចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយរាជរដ្ឋាភិបាលក្នុងការងារអភិវឌ្ឍន៍ប្រទេសផងដែរ។
តែទោះយ៉ាងណា មួយរយៈចុងក្រោយនេះ លោកស្រី អ៊ាន សៀវម៉ី ហាក់រងទទួលនូវការរិះគន់មិនស្ទើរនោះទេ ដោយសារតែជាញឹកញយតែងឡាយនិយាយបញ្ឆិតបញ្ឈៀង បរិហាកេរ្តិ៍ ឬ ជេរកប់ៗមាត់ ទៅលើបុគ្គលនេះបុគ្គលនោះដែលមើលទៅហាក់មិនសមរម្យ និងមិនមែនតម្លៃសេចក្តីថ្លៃថ្នូរក្នុងនាមជាឧកញ៉ាសោះឡើយ។
ជាការពិតណាស់ ទង្វើហាក់កាន់តែខ្លាំងដៃរបស់លោកស្រី អ៊ាន សៀវម៉ី ក៏ត្រូវបានឧកញ៉ា នឹម វណ្ណៈ បានធ្វើការព្រមានឱ្យបញ្ឈប់ជាបន្ទាន់ រាល់ការនិយាយអ្វីៗតាមរយៈការឡាយលក់ផលិតផល ដែលពាក់ព័ន្ធនឹងរបស់ខ្លួន ពុំដូច្នេះទេលិខិតផ្លូវច្បាប់នឹងរង់ចាំស្វាគមន៍ទៀតផង។ ហើយមិនត្រឹមតែប៉ុណ្ណឹង លោកស្រី អ៊ាន សៀវម៉ី ក៏បន្តមានរឿងក្តៅគគុកជាមួយជំទាវ ហ៊ុន ស៊ីណាត ផងដែរ ទាក់ទងខ្លួនពុំពេញចិត្ត ឬ មិនយល់ សុំឲ្យលោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយ ក្រោយលោកជំទាវបានប្រតិកម្ម និងដាក់ឲ្យធ្ងន់ៗថាមិនស័ក្តិសមមានគោរពងារជាឧកញ៉ាសោះឡើយ បន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត តែងបានកត់សម្គាល់ឃើញលោកស្រី សៀវម៉ី ឡាយនិយាយប្រើនូវពាក្យពេចន៍ដ៏អសុរោះ ហាក់មានអំនួត កោងកាច និងធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ឬ ឧកញ៉ាដទៃដែលគេល្អត្រឹមត្រូវ។
ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿថាមានថ្ងៃនេះដែរ ខណៈគេបានប្រទះឃើញលោកស្រី អ៊ាន សៀវម៉ី បានមានវត្តមានចូលទៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ គេមិនដឹងថាមានរឿងអ្វី ឬរងបណ្តឹងពីភាគីខាងណានោះទេ។
តែយ៉ាងណា បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកស្រីអ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅចូលមកបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។
សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវម៉ី ដែលមានងារជាឧកញ៉ា អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះលេខ V០១ តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយឲ្យចូលមកបំភ្លឺរយៈពេលជិត ២ ម៉ោងរួច លោកស្រីក៏ចេញពីតុលាការវិញ ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញាធម្មតា ពាក់ម៉ាស និងពាក់មួកឃ្លុំបិទជិត ហើយក៏ឡើងរថយន្តស៊េរីទាបម៉ាក Prus ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ-3840 ជិះចេញទៅបាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង