ខេត្តព្រះសីហនុ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បាននាំអ្នកសារព័ត៌មានជាង៧០នាក់ ៣៦ស្ថាប័ន ចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់នៅកែវផុសខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ ដែលប្រទេសកម្ពុជាអាចផលិតបាន ដោយមិនចាំបាច់មានការនាំចូលទំនិញទាំងនេះពីប្រទេសជិតខាង ជាពិសេសទៀតស្របពេល ប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសថៃ។
លោក ពុយ គា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺមានជម្លោះព្រំដែន កម្ពុជា និងថៃ ដោយមានការបារម្ភជាទូទៅ សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស ហើយប្រជាជនបានពហិកាទំនិញ ឬផលិតផលរបស់ថៃ ដែលក្នុងនោះរួមទាំងផលិតផលកសិកម្មផងដែរ។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបន្ថែមទៀតថា ថ្ងៃនេះក្លឹបអ្នកកាសែតកម្ពុជាបានដឹកនាំអ្នកសារព័ត៌មានចំនួន 70 រូបមកពី 36 ស្ថាប័ន មកទស្សនកិច្ចតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មរបស់លោកឧកញ៉ាមុង ឫទ្ធី ដែលកន្លងមក យើងធ្លាប់ឮ លោកឧកញ៉ាម៉ុង ឫទ្ធី គាត់អភិវឌ្ឍន៍ចំការដូងប្រេង ក្រោយមកមានការចិញ្ចឹមជ្រូក រួមនិងកសិកម្មផ្សេងៗជាច្រើនមុខទៀត ហើយលោកឧកញ៉ាម៉ុង ឫទ្ធី គាត់បានជាប់ឈ្មោះជាស្ដេចធ្វើការវិនិយោគនៅកម្ពុជា។
លោកបានបន្តថា នៅស្រុកខ្មែរមួយរយៈចុងក្រោយនេះ ជារឿងតឹងតែង គឺមួយខែចុងក្រោយនេះ មានជម្លោះព្រំដែនជាមួយថៃ។ ជាទូទៅ សម្រាប់ប្រជាជនកម្ពុជា ស្ទើរទូទាំងប្រទេសត្រូវការទំនិញឬផលិតផលរបស់ថៃ រួមទាំងផលិតផលកសិកម្មផងដែរ។ សួរថាតើបានអ្វីមកជំនួសវិញឬមួយក៏យើងពឹងផ្អែកពីផលិតផលពីប្រទេសវៀតណាម ឬប្រទេសចិន? នេះគឺជាចំណុចសំខាន់ណាស់ដែលឲ្យអ្នកសារព័ត៌មានស្វែងយល់ ក្រៅពីចំការដូងប្រេងនេះ ក្រុមហ៊ុនម៉ុង ឫទ្ធី បានធ្វើអ្វីទៀតលើវិស័យកសិកម្ម រួមមាន ការចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ត្រី រួមទាំងចំណីសត្វ និងផលិតផលកសិកម្មផ្សេងៗទៀត សុទ្ធតែបម្រើក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរយើង។នេះជាក្ដីសង្ឃឹមដែលពលរដ្ឋខ្មែរយើងអាចធ្វើដោយខ្លួនឯងបាន ហើយក៏មិនមែនតែគាត់មួយទេ គឺមានអ្នកផ្សេងៗទៀត។ហើយអ្នកសារព័ត៌មាន បានមកផ្ដិតយករូបភាពនៅទីនេះ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរយើងបានដឹងថា កុំបារម្ភយើងអាចផលិតដោយខ្លួនឯងបាន។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា ” យើងមានបញ្ញាព្រំដែនដែនជាមួយថៃ ខ្ញុំនិយាយតែវិស័យកសិកម្ម យើងបានខិតខំប្រឹងប្រែងខ្លាំងដើម្បីកែរំពឹងគេឲ្យធ្វើយ៉ាងសកម្ម។ ខ្ញុំសូមកោតសរសើរដល់កសិករយើង ហើយនិយាយថាឲ្យកសិករកាត់បន្ថយការដាំ ខ្ញុំអត់គាំទ្រទេគឺត្រូវតែបង្កើតការដាំនិងចិញ្ចឹមថែមទៀត ហើយការទិញកសិផលមានឡើងមានចុះ ហើយអ្នកស្រែករបៀបនយោបាយមិនគួរយករឿងកសិផលមកធ្វើនយោបាយ ដើម្បីបន្ទុចបន្អាក់ការផលិតរបស់កសិករដើម្បីវាយនិងបំបែកបំបាក់កម្លាំងសាមគ្គីកសិករយើង ជាពិសេសរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងមែនទែនដើម្បីជួយឲ្យកសិករខិតខំផលិតផលដាំនិងចិញ្ចឹមសត្វឲ្យបានច្រើន ហើយខ្ញុំនៅតែបង្កើនការទិញជានិច្ច ថ្វីត្បតីសៃឡូរបស់ខ្ញុំប៉ុណ្ណឹងមែន។ ខ្ញុំបានខិតខំប្រឹងប្រែងចិញ្ចឹមសត្វបន្ថែមទៀតដើម្បីបង្កើនការប្រមូលទិញកសិផលពីកសិករឲ្យបានកាន់តែច្រើន ហើយនិយាយពីភាគរយពិបាកនឹងឆ្លើយដែរ។ ខ្ញុំចង់អំពាវនាវឲ្យអ្នកមានលុយទាំងឡាយងាកមកបង្កើតរោងចក្រផលិតចំណីសត្វដើម្បីឲ្យទីផ្សារមានកាន់តែច្រើនដើម្បីឲ្យកសិករមានទីផ្សារលក់កសិផលនិងដើម្បីឲ្យតម្លៃទាំងសត្វលើគោកនិងក្នុងទឹកទាបអាចឲ្យកសិករយើងយកទៅចិញ្ចឹមបានដោយផ្តោតលើការប្រកួតប្រជែងជាមួយប្រទេសជិតខាង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី













































