អាជ្ញាធរចិន សំដែងការក្តៅក្រហាយយ៉ាងខ្លាំង និងទាមទារឲ្យអាមេរិចដាក់ទោសឲ្យធ្ងន់ធ្ងរដល់បុរស ម្នាក់ដែលបានលួចយកម្រាមដៃមេម្ខាង របស់រូបចម្លាក់បុរាណដែលកំពុងដាក់តាំងបង្ហាញនៅក្នុងទឹកដីអាមេរិច។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារនេះ។
រូបចម្លាក់អ្នកចំបាំង អាយុកាល ២០០០ឆ្នាំ និងមានតម្លៃ ៤,៥លានដុល្លារ គឺជារូបចម្លាក់មួយក្នុងចំណោម ១០ ដែលត្រូវបានគេខ្ចីយកទៅដាក់បង្ហាញនៅវិទ្យាស្ថាន Franklin ស្ថិតក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិច។ ប៉ុន្តែត្រូវបានបុរសម្នាក់លួចកាច់យកម្រាមដៃមេទៅបាត់។
កាលពីអាទិត្យមុន ជនសង្ស័យម្នាក់ឈ្មោះ Michael Rohana ត្រូវបានចោទប្រកាន់ពីបទចោរកម្មនិងការលាក់ទុក ប៉ុន្តែក្រោយមកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
បើតាមឯកសាររបស់តុលាការ បានឲ្យដឹងថា លោក Michael Rohana អាយុ ២៤ឆ្នាំ បានមកចូលរួមពិធីជប់លៀងនៅវិទ្យាស្ថាន Franklin កាលពីខែធ្នូ ហើយនៅពេលនោះ គាត់បានលួចចូលទៅកន្លែងដាក់តាំងរូបចម្លាក់បុរាណចិន។
បុរសរូបនោះ បានប្រើភ្លើងទូរស័ព្ទជាពិល និងបានថតរូបជាមួយរូបចម្លាក់អ្នកចំបាំងមួយ។ ក្រោយមកទៀត គាត់ទំនងជាបានកាច់ម្រាមដៃមេម្ខាងរបស់រូបចម្លាក់ និងបានដាក់ក្នុងហោប៉ាវ រួចចាកចេញ។
បុគ្គលនៃសារមន្ទីរ ទើបតែបានសំគាល់ឃើញថា រូបចម្លាក់នៅបាត់ម្រាមដៃនៅថ្ងៃទី ៨ ខែមករា ហើយភ្នាក់ងារស៊ើបអង្កេតបានតាមដឹងថា លោក Michael Rohanaជាអ្នកធ្វើ។
លោក Michael Rohana បានទទួលស្គាល់ថា គាត់បានលាក់ទុកមេដៃនោះនៅក្នុងថតតុ៕ សុភ័ក្ត្រ