Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​បន្ទាយមានជ័យ ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ឲ្យ​ពង្រឹង​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន​

បន្ទាយមានជ័យ​៖ ប្រភពពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អភិបាលខេត្ត​បន្ទាយមានជ័យ​ឯកឧត្តម អ៊ុ រាត្រី បាន​ជំរុញ​ដល់​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ពង្រឹង​បង្កើន​ការយក ចិត្ត​ទុកដាក់ ថែមទៀត​ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ​១៩ ខណៈដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កំពុងតែ​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្នុង​សហគមន៍ ក្នុង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​នោះ​។​

​ការជំរុញ​បែបនេះ​ក្នុងឱកាស​ឯកឧត្តម អ៊ុ រាត្រី ក្នុងនាម​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​រួម​នឹង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រក​អូរ​បី​ជាន់​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ​ដើម្បី ដាក់​វិធាន​ការបន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញចូល​មកពី​ប្រទេស​ថៃ​ឱ្យបាន​ហ្មត់ចត់​តឹងរឹង​ឆ្លើយតប​អនុវត្តន៍​បន្ទាន់​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​វិធានការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​នោះ​។​

​ឯកឧត្តម​បានឱ្យ​ដឹងបាន​ទៀតថា ជាមួយគ្នា​នោះ​ចំពោះ​បងប្អូន​ពលរដ្ឋ​ត្រឡប់មក ពី​ប្រទេស​ថៃ​ក្នុងនាម​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​ខេត្ត ដែលមាន​ក្រុមការងារ​នៅ ប្រចាំការ​តាម​ច្រកព្រំដែន និង​ទីតាំង​ច​ត្តា​ឡី​ស័ក​បានរៀបចំ​រួចជាស្រេច ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​។​

​ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​បទបញ្ជា​ទៅ​អាជ្ញាធរខេត្ត​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​៧ រួមមាន​៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់ និង​ខេត្តកោះកុង ឱ្យ​រឹតបន្តឹង និង ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល ត្រឡប់មក ប្រទេស​ថៃ​រយៈពេល​១៤​ថ្ងៃ​ពេញ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍ ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ត្រូវធ្វើឡើង​នៅ​ព្រំដែន​តែម្ដង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×