ការប្រមាថមើលងាយ ដែលពលរដ្ឋថៃជាច្រើនបានធ្វើឡើង ចំពោះរបបរាជានិយម គឺមិនមែនជាព័ត៌មានថ្មីសម្រាប់យើងភាគច្រើនបានទទួលជ្រាបនោះទេ ហើយការតវ៉ាស្នើឲ្យព្រះមហាក្សត្រចុះចេញពីតំណែង ក៏ជារឿងធម្មតាផងដែរ ចាប់តាំងពីមានការតវ៉ាផ្ទុះឡើងកាលពីអំឡុងខែកកក្កដា មក។
ប៉ុន្តែ ទោះការតវ៉ារបស់ពួកគេពុំទទួលបានជោគជ័យ តែសកម្មជនថៃនៅតែជំនេះតស៊ូ និងក៏បានឃើញថាកំពុងមានការច្នៃប្រឌិតកាន់តែខ្លាំងឡើង ជាមួយការតវ៉ារបស់ពួកគេ។ ជាក់ស្តែង ថ្មីៗនេះ (ថ្ងៃទី២០ ធ្នូ) ពួកគេបានធ្វើការតវ៉ានៅផ្សារទំនើបមួយ ដោយគេបានឃើញបាតុករមានមុខលេចធ្លោមួយចំនួន បានពាក់ «អាវអៀម» ដែលជាការវាយបក ឌឺដងប្រឆាំងទៅនឹងច្បាប់ដាក់ទោសពី៣ឆ្នាំ ទៅ ១៥ ឆ្នាំ ចំពោះអ្នកដែលជេរបប្រមាថព្រះជេស្តាព្រះមហាក្សត្រ។
គេនៅចាំបានថា កាលពីអំឡុងរដូវក្តៅ ឆ្នាំ២០១៦ ស្តេចថៃ Maha Vajiralongkorn ត្រូវបានគេមើលឃើញថា កំពុងពាក់អាវ «អៀម» ពណ៌លឿងនៅទីសាធារណៈ ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ ហើយឃ្លីបវីដេអូ ៤៤ វិនាទី នោះផងដែរ ក៏ជាការជម្រុញឲ្យបាតុករស្លៀកពាក់បែបនេះ ដើម្បីដើរតួជាស្តេចដែលមិនគួរឲ្យគោរព។
តែយ៉ាងណា សកម្មជនសរុបចំនួន ៣៥ នាក់ ត្រូវបានចាប់ខ្លួន និងបច្ចុប្បន្ន កំពុងប្រឈមបទចោទប្រកាន់ ស្ថិតក្រោមច្បាប់របស់ប្រទេសថៃ ដែលជាការខុសច្បាប់សម្រាប់បុគ្គលដែលបរិហាកេរ្តិ៍ ឬ ប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងសមាជិកដទៃទៀត នៃគ្រួសាររាជវង្ស តាមរយៈរូបភាពណាមួយ។ តាមរយៈច្បាប់នេះ នោះបុគ្គលណាម្នាក់ដែលហ៊ានធ្វើ គឺនឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
សូមបញ្ជាក់ថា ការតវ៉ាដ៏ប្លែកៗនេះ ត្រូវបានធ្វើឡើងនៅមុខហាងលក់សម្លៀកបំពាក់មួយ ដែលត្រូវបានរចនា (Design) ដោយបុត្រីមួយអង្គរបស់ស្តេច Maha Vajiralongkorn។ ក្រុមអ្នកតវ៉ាត្រូវបានគាំទ្រដោយអ្នកចូលរួមបីបួនដប់នាក់ ខណៈក្រុមរាជានិយមមួយក្រុមបានស្រែកយ៉ាងខ្លី ទៅកាន់ពួកគេ មុនពេលពួកគេត្រូវបានកងសន្តិសុខនាំខ្លួនចេញ។
ជាមួយគ្នានេះផងដែរ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានទទួចដល់ប្រទេសថៃ ឲ្យធ្វើវិសោធនកម្មច្បាប់កំពូលរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលរដ្ឋាភិបាលថៃបានអះអាងថា ច្បាប់ទាំងនេះស្រដៀងនឹងច្បាប់ប្រមាថមើលងាយធម្មតាប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង