Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីញុះញង់ចាប់ដីសម្បទានសង្គមកិច្ចរដ្ឋ ការ៉េ ២ (២.២២២ហិចតា) នៅ៣ស្រុក ឃុំខ្លួនពលរដ្ឋ៣នាក់

បន្ទាយមានជ័យ ៖ ករណីញុះញង់អោយពលរដ្ឋចូលចាប់យកដីរដ្ឋបែបអាណាធិបតេយ្យ និងបង្កើតភូមិអាណាធិបតេយ្យលើដីរដ្ឋនៃដីសម្បទានសង្គមកិច្ច ការ៉េ២ (ទំហំ២.២២២ហិចតា) នៅព្រំប្រទល់ស្រុកភ្នំស្រុក ថ្មពួក និងស្វាយចេកកន្លងមក នាំអោយកងកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនពលរដ្ឋ៣នាក់ ហើយប្រគល់អោយនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នេះ។

លោកវរៈសេនីយ៍ អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក បានអោយដឹងថា ៖ ពលរដ្ឋ៣នាក់ ដែលត្រូវចាប់ខ្លួននៅទីតាំងនោះធ្វើឡើងតាំងពីល្ងាចថ្ងៃទី១៨ ខែកុម្ភ: កន្លងមកនោះ រួមមាន១.ឈ្មោះ ព្រាប ផែ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក។ ២.ឈ្មោះ ហម ហ៊ុន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃស្រុក ភ្នំស្រុក និង៣.ឈ្មោះ ឌុក មឿន ហៅតាសក់កណ្តាញ់ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ពេលចាប់ខ្លួនប្រជាពលរដ្ឋទាំង៣នាក់ បានទៅស្នាក់នៅនិងធ្វើសកម្មភាពរុករានភ្ជួរដីសម្បទានសង្គមកិច្ចនោះ។

សូមបញ្ជក់ថា ដីសម្បទានសង្គមកិច្ចទំហំ២.២២២ហិចតានោះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំប៉ោយចារ ស្រុកភ្នំ ស្រុក ឬជិតតំបន់៣ស្រុក មានស្រុកភ្នំស្រុក ថ្មពួកនិងស្វាយចេក។ ដីព្រៃឈើនេះត្រូវបានរដ្ឋបាលព្រៃឈើ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងថ្នាក់លើពាក់ព័ន្ធកាត់បម្រុងទុកដើម្បីផ្តល់ជូនអតីតយុទ្ធជន យុទ្ធនារីដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជនសម្រាប់រស់នៅនិងបង្កបង្កើនផល។

គណៈកម្មការមួយដែលមានលោកឧត្តមសេនីយ៍ ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ-ប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការរគ្រប់គ្រងបានដឹនាំបញ្ជាអោយចាប់ខ្លួន បានចុះទៅពិនិត្យឃើញមានប្រជាពលរដ្ឋរស់នៅចំណុចដីការ៉េ ២ មានប្រជាពលរដ្ឋអានាធិបតេយ្យប្រមាណ១០០គ្រួសារ ដូចជាសង់ផ្ទះ និងដាំដំឡូងមី។

លោកឧត្តមសេនីយ៍ សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣នាក់ ដែលកម្លាំងសមត្តកិច្ចចម្រុះ ពិសេសគឺកងទ័ពចាប់ខ្លួនប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកថ្មពួក ហើយបញ្ជូនមកកម្លាំងនគរបាលខេត្ត ដែលចោទប្រកាន់ពីរ។

ករណី១.ពីបទញុះញង់ប្រជាពលរដ្ឋទៅចាប់ដីតំបន់អភិវឌ្ឍន៍សង្គមកិច្ច ២.ពីបទបង្កើតភូមិអានាធិបតេយ្យលើដីតំបន់អភិវឌ្ឍន៍សង្គមកិច្ច។ ក្រោយពេលសាកសួរចម្លើយហើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨៕ ដោយ ៖ បន្ទាយ

×