ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងទាំង ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។
ការច្រានចោលបណ្តឹងនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះរបស់ក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៣លើក គឺលើកទី១. កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៨បណ្តឹង , លើកទី២ កាលពីថ្ងៃទី២៣ ខែធ្នូ ចំនួន ២៣បណ្តឹង និងលើកទី៣. នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤៤បណ្តឹង។ ដោយសវនាការចំនួន ៣លើកនេះ គឺក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងទាំង ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្តឹងចំនួន ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតាមបណ្តារាជធានី ខេត្ត មួយចំនួនដែលទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លុបឈ្មោះប្រជាពលរដ្ឋខ្មែរចំនួនជាង ២៧០០នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលជាការរំលោភសេរីភព របស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបន្តថា នៅក្នុងសវនាការនេះដែរ ម្ចាស់ដើមបណ្តឹងអវត្តមានក្នុងសវនាការជំនុំជម្រះ ដូច្នេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចមិនលើកយកមកពិចារណាឡើយតម្កល់សេចក្តីសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការមានអនុភាពអនុវត្ត និងបិទផ្លូវតវ៉ា៕រក្សាសិទ្ធិដោយ៖CEN