ភ្នំពេញ៖ រឿងរ៉ាវបែកបាក់ជីវិតជាប្តីប្រពន្ធដ៏មិននឹកស្មានរបស់អ្នកនាង ដេត ម៉ាលីណា និងស្វាមីលោកឧកញ៉ា ឌួង ឆាយ នោះមហាជនគ្រប់គ្នាបានជ្រាប និងយល់ច្បាស់ហើយ ក្រោយពីអ្នកនាង ដេត ម៉ាលីណា បានចេញវីដេអូបកស្រាយអំពីដំបៅក្នុងចិត្ត១៣ឆ្នាំ និងសូម្បីអះអាងថានឹងយកគ្នាជាប្តីប្រពន្ធទៀតឡើយ ស៊ូរស់នៅផ្ទះល្វែង ជិះម៉ូតូ ប្រសើរជាងរស់នៅផ្ទះវីឡា ជិះឡានទំនើប តែជីវិតពោរពេញដោយភាពឈឺចាប់។
តែយ៉ាងណា ឧកញ៉ា ឌួង ឆាយ ដែលហាក់ទទួលស្គាល់ពីកំហុសរបស់ខ្លួន ដែលបានធ្វើឲ្យភរិយាគ្រាំគ្រាចិត្តជាច្រើនឆ្នាំមកនេះ ឃើញថាមកទល់ពេលនេះ លោកនៅពុំចេញមុខបកស្រាយជុំវិញបញ្ហានេះនៅឡើយ បើទោះជាមុននេះ ក្នុងថ្ងៃខួបកំណើតខ្លួនឯងលោកបានបង្ហើបឲ្យមហាជនដឹងថានឹងធ្វើការបកស្រាយអ្វីៗគ្រប់យ៉ាងណា ប៉ុន្តែ ផ្ទុយទៅវិញ លោកនៅតែបង្ហោះភ្ជាប់នឹងសកម្មភាពជាមួយភរិយា ដោយហាក់មិនដាច់ចិត្តសោះ និងនៅតែមានការអាឡោះអាឡៃភរិយាជាខ្លាំង។
ជាក់ស្តែង កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះរូបថតចាស់មួយសន្លឹកថតជុំគ្រួសារ ក្នុងថ្ងៃបុណ្យណូអែលឆ្នាំមុន ដោយភ្ជាប់សារយ៉ាងខ្លីថា៖ «រីករាយថ្ងៃបុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា Happy Merry Christmas»។
យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពហាក់ទើបថតថ្មីៗ និងគួរឲ្យស្រណោះបែបនេះ ហ្វេនៗរបស់លោកក៏បានចូលខមិនលើកទឹកចិត្ត និងជូនពរថា៖ «សូមជួនពរគ្រួសារបងមានសុខភាពល្អថ្ងៃបុណ្យណូអែល, គាត់ប្រហែលជានឹកគ្រួសារណាស់មើលទៅ, Happy merry Christmas day សូមឲ្យជួបជុំគ្នាវិញផងចុះ អាណិតតែក្មេងទេជាពិសេសកូនច្បង, បងសូមបួងសួងមាតាចេកចម ឲ្យប្អូនទាំងពីរជួបជុំគ្នាវិញ កូនៗស្អាតៗណាស់, សូមអោយលោកឧញ៉ាសម្រួលគ្នាបានជួបជុំគ្រួសារវិញ អាណិតកូនៗ បើនៅស្រឡាញ់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង