ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបមក លោក លោកស្រី ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ស្តីពីការជំរុញកិច្ចសហការពីម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ក្នុងការបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានខ្លួនទៅមន្ទីរពេទ្យបង្អែករដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះលោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវីដ-១៩ កន្លងមក។ ដើម្បីទប់ស្កាត់កុំឱ្យមាននូវការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការណ៍ ការពារកុំឱ្យមានចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ និងនៅតាមសេវាពិនិត្យព្យាបាលជំងឺឯកជនរបស់ខ្លួន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចខាងក្រោមនេះ ៖
1. មិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូដ -១៩ នៅតាមកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។
2. ប្រសិនបើមានអ្នកជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួន ដែលសង្ស័យថាជាជំងឺ កូវីដ-១៩ដូចតាមនៅក្នុងនិយមន័យករណីសង្ស័យជំងឺកូវីដ-១៩(ឧបសម្ព័ន្ធ១) គឺមិនត្រូវធ្វើការពិនិត្យនិង ព្យាបាលឡើយ សូមជួយ ពន្យល់ និងណែនាំអ្នកជំងឺ ឱ្យគាត់បានដឹងអំពីជំងឺកូវីដ-១៩ រួចដាក់គាត់ឲ្យ នៅដាច់ដោយឡែក បន្ទាប់មកជូនព័ត៌មានទៅមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលនៅជិតដើម្បី សម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែករដ្ឋ (ចំពោះអ្នកនៅខេត្តគឺ មន្ទីរពេទ្យខេត្ត និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះអ្នកនៅរាជធានីភ្នំពេញ) ជាបន្ទាន់។
3. ត្រូវអនុវត្តនូវអនាម័យសម្អាតទីកន្លែងពិនិត្យព្យាបាលជំងឺដោយមានម៉ាស់សម្រាប់ពាក់ មានអាល់កុលសម្រាប់លាងដៃឬអាល់កុលដែលសម្រាប់លាងដៃ ជាប្រចាំ។ ក្នុងករណីដែលមានអ្នកជំងឺ សង្ស័យថាជាជំងឺកូវីដ-១៩ បានមកពិនិត្យក្នុងកន្លែងព្យាបាលរបស់ខ្លួន ម្ចាស់សេវាត្រូវប្រើសូលុស្យុងអូសាវែលដែលមានកំហាប់ 0,1% ក្នុងការជូតសម្អាតឥដ្ឋ និងបាញ់សម្លាប់មេរោគនៅកន្លែងអ្នកជំងឺ ដែលបានមកពិនិត្យ និងក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។
4. ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺដែលសង្ស័យថាជាជំងឺកូរីដ-១៩ នោះ។
5. ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងមកក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។
6. ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ការពិនិត្យអ្នកជំងឺ ម្ចាស់សេវាសុខាភិបាលឯកជន ត្រូវមាន ធុងសំរាមពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារៈ អ្នកជំងឺដែលសង្ស័យជំងឺកូវីដ-១៩ ប្រើរួច៖ ម៉ាស់ពាក់ ក្រដាស់ជូតស្លេស្ម។ល។ បន្ទាប់មកត្រូវប្រមូលយកសំណល់នោះទៅដុតកម្ទេចចោលជាមួយឡដែលមានសីតុណ្ហភាពខ្ពស់ចាប់ពី៨០០អង្សាសេ។
7. ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការណ៍នៃការចម្លងជំងឺកូវីដ-១៩ ទៅដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងពាក់ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិចពី១ម៉ែត្រកន្លះឡើងទៅ និងត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣ កុំ គឺ ៖
ក. អនុវត្ត ៣ ការពារ ៖-ពាក់ម៉ាស់ -លាងដៃឲ្យបានញឹកញាប់ -គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះ ឡើងទៅឱ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។
ខ. អនុវត្ត ៣កុំ ៖-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ -កុំទៅកន្លែងមនុស្សច្រើនកុះករ -កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមាន ផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ