ភ្នំពេញ៖ មិនបាច់រៀបរាប់ច្រើន ក៏ប្រិយមិត្តបានដឹងហើយថា ពាក្យថាសេចក្តីស្រឡាញ់គឺជាទូទៅកើតឡើងដោយចិត្តនិងចិត្ត ប៉ុន្តែ មនុស្សខ្លះក៏ថាកើតឡើងដោយសារក្តីអាណិតធំជាង តើពិតមែនទេ?។ ព្រោះថា អ្នកខ្លះមានរូបសម្បត្តិកាយសម្បទាល្អ ប៉ុន្តែ បែរជាសម្រេចទទួលយកដៃគូជីវិតមានកាយសម្បទាពុំគ្រប់លក្ខណៈទៅវិញ ដែលធ្វើឲ្យមនុស្សទូទៅតែងនិយាយថា នេះក៏ព្រោះមកពីសេចក្តីអាណិតធំជាងសេចក្តីស្រឡាញ់ ឬ ហៅថាព្រេងកម្មវាសនាចារមក ឬគូព្រេងពីអតីតជាតិ។
តួយ៉ាង ដូចជាគូស្នេហ៍មួយគូនេះអ៊ីចឹង បានបង្កឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ខណៈនារីវ័យក្មេងម្នាក់បានសម្រេចចិត្តទទួលបុរសពិការជើងម្នាក់ជាគូជីវិត បើទោះជាខ្សែជីវិតទៅខាងមុខនាងត្រូវរែកពន់ជំនួសប្តីជាជនពិការយ៉ាងណា។ គូស្នេហាដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីៗនេះ ខាងប្រុសត្រូវបានដឹងថាមានអាយុ ៣០ ឆ្នាំ (ពិការជើង) មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកខាងស្រីអាយុទើប ១៩ ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។
ទន្ទឹមនេះផងដែរ ថៅកែហាងពេជ្រ ទ្រី ដាណា ដោយឃើញគូរឲ្យអាសូរ និងអនិច្ចាខ្លាំងពេក អ្នកស្រីក៏បានឧបត្ថម្ភជាចំណងដៃដល់គូស្នេហ៍នេះនូវថវិកាចំនួន ៥០០ ដុល្លារ ផងដែរ។
ក្នុងនោះ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «អបអរសាទរប្អូនទាំង២ផង អាណិត ហើយក៏រំភើបចិត្ត បងសុំចងដៃប្អូនទាំងពីរ 500$ ជីវិតយើង មិនអាចល្អគ្រប់យ៉ាងទេ សំខាន់យើងចេះទទួលយក យើងពេញចិត្ត យើងតស៊ូ មិនបោះបង់។ ចាប់ដៃគ្នាហើយ ប្អូនត្រូវផ្ដល់កម្លាំងចិត្តឱ្យគ្នា ព្យាយាមដើម្បីជីវិត ទៅថ្ងៃមុខ។ ផ្លូវជីវិតគូនេះ ប្អូនទាំងពីរជាអ្នកជ្រើសរើស ត្រូវស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន ខាងប្រុស អាយុ ៣០ឆ្នាំ ពិការជើង នៅខេតហតតាកែវ ឯខាងស្រីអាយុ ១៩ឆ្នាំ នៅខេត្តកណ្ដាល។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង