ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ និងដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះ របស់លោក មាន់ សាវរី ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ០៤នាក់ ស្រី ០២នាក់ (ជនជាតិចិន ០១នាក់ ប្រុស, ជនជាតិខ្មែរ ០៣នាក់ ស្រី ០២នាក់)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One , ឧបករណ៍ចាប់Wifi , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្ន។ រក្សាសិទ្ធដោយ៖សុទ្ធលី













