Thursday, July 7, 2022

តារាហ្វេសប៊ុក ប៊ីយ៉ាបូ ប្រតិកម្មជាមួយនឹងដំណឹងថានាងបុកគេបង្ខំឲ្យសំទោស

ភ្នំពេញ-តារាហ្វេសប៊ុក អ្នកនាង ហាង លីនដា ហៅ ប៊ីយ៉ាបូ បានប្រតិកម្មភ្លាមៗជាមួយនឹងពត៌មានថានាង​បានបើកឡានបុកមនុស្សពីរនាក់ និងបានបង្ខំឲ្យពួកគេសំទោសនោះ មិនមែនជាការពិតទេ នាងបានប្រតិកម្មអ្នកនាងបានបង្ហាញប្រតិកម្មចំពោះបណ្ដាញសារព័ត៌មានដែលបាន Live និងបានចុះផ្សាយពីនាងបែបនោះ ដោយនាងប្រកាសថានឹងមានវិធានការផ្លូវច្បាប់ផងដែរ ប្រសិនបើស្ថាប័នដែល ចុះទៅ Live ពីគ្រោះថ្នាក់នៅក្នុងថ្ងៃនោះ បន្តបង្ខូចឈ្មោះនាង ធ្វើអោយមហាជនបន្តយល់ច្រលំ។

តារាហ្វេសប៊ុក ប៊ីយ៉ាបូ ត្រូវបានមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុកផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ​​សារតែនាងគឺជាអ្នកលក់ផលិតផលស៊ិចស៊ី និងមានអ្នកស្គាល់ភាគច្រើន ជាពិសេសបន្ទាប់ពីមានការចុះផ្សាយថា អ្នក​នាងបានបើករថយន្តទំនើបបុកម៉ូតូមួយគ្រឿង ហើយបង្ខំអោយម្ចាស់ម៉ូតូនោះធ្វើការសុំទោសជាសាធារណៈ។

អ្នកនាង ប៊ីយ៉ាបូ និយាយថាកាលពីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៨ ក្នុងពេលអ្នកនាងជិះរថយន្តម៉ាក​ម៉េកសឺដេស CLS 550 មកដល់ចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ អ្នកនាងពិតជាមានការប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា Click ពាក់ស្លាកលេខ 1AP-7251 ដែលជិះដោយមនុស្ស២នាក់ប្រាកដមែន ប៉ុន្តែអ្នកនាងបានប្រកាសផ្ទុយពីការចុះផ្សាយរបស់ TVFB ថា អ្នកនាងមិនមែនជាអ្នកបើកបុកនោះទេ គឺម៉ូតូជាអ្នកគេចពីស្ថានការណ៍មួយផ្សេងទៀត ហើយបើកបុករថយន្តរបស់នាងយ៉ាងកំរោលធ្វើអោយមានការខូចខាត ដោយអ្នកនាងបានសម្រេចមិនធ្វើអោយការផ្ដល់សំណងខូចខាតនោះផង។ អ្នកនាងថាក្រោយបញ្ចប់ការ Live អ្នកនាងស្មានថារឿងរ៉ាវនឹងបានស្ងប់ស្ងាត់ទៅហើយ ប៉ុន្តែផ្ទុយពីអ្វីដែលបានគិតទុក ស្រាប់​តែស្ថាប័នដែលបានផ្សាយផ្ទាល់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបន្តសរសេរថា អ្នកនាងបង្ខំអោយម្ចាស់ម៉ូតូធ្វើការសុំទោសជាសាធារណៈ ដែលផ្ទុយពីការពិតនោះទៅទៀត។ អ្នកនាងមកទល់ពេលនេះ ករណី​បំភ្លៃពីការពិតពីនាងកាន់តែរីករាលដាល ដោយធ្វើអោយអ្នកនាងរងការប៉ះពាល់កិត្តិយស និងប៉ះពាល់ទាំងមុខរបរនៅហ្វេសប៊ុកនោះផង ដោយសារតែមានការបង្ខូចឈ្មោះថាអ្នកនាងជាអ្នកបើករថយន្តបុកម៉ូតូដែលជិះទាំង២នាក់ ហើយបង្ខំអោយគេធ្វើការសុំទោសជាសាធារណៈ។

អ្នកនាងថា អ្នកជិះម៉ូតូទាំងពីរនាក់ គឺជាអ្នកបើកមកបុករថយន្តរបស់ខ្លួន ក្រោយគេចពីម៉ូតូដូចគ្នានៅលើដងផ្លូវ ប៉ុន្តែដោយសារតែអ្នកនាងមិនចង់វែងឆ្ងាយ ហើយក៏មើលឃើញថាយុវជនទាំងពីរមិនមែនជាអ្នកមានបានផង ទើបអ្នកនាងគ្រាន់តែសុំអោយគេសុំទោស ហើយអ្នកនាងក៏ថតជាវីដេអូឃ្លីប ដើម្បីទុកជាគំរូកុំអោយអ្នកបើកម៉ូតូដទៃទៀត បើកលឿន ក្នុងស្ថានភាពជែងគ្នាក្នុងទីតាំងចង្អៀត។ អ្នកនាងថា ខ្លួនមិនបានបង្ខំម្ចាស់ម៉ូតូអោយសុំទោសទេ ហើយបើម្ចាស់ម៉ូតូមិនខុស គឺទោះជាអ្នកនាងបង្ខំ និងប្រើអំណាចបែបណា ក៏មិនអាចមានការសុំទោសបែបនេះកើតឡើងផងដែរ ទើបអ្នកនាងប្រកាសថាមិនអាចទទួលយកបាន នៅពេលដែលផេកដែលបានLive នោះ សរសេរបង្ខូចថានាងបង្ខំ។ អ្នកនាងបញ្ជាក់ថា នាងបានស្នើអោយម្ចាស់ផេកនោះ កុំថតមុខរបស់នាង ដោយសារតែនាងមិនបានខុស ប៉ុន្តែមកពីម្ចាស់ផេកនៅតែរុកយកមុខរបស់នាង ដោយមិនមានការសុំសិទ្ធិជាមុន ទើបមានការចម្រូងចម្រាស់ក្នុងពេលផេកនោះធ្វើរឿងខ្វះវិជ្ជាជីវៈ ហើយប្រឹងLive យកមុខរបស់នាង។

ប៊ីយូបូ និយាយថា តាំងពីមានគេស្គាល់ច្រើនតាមរយៈការលក់ដូរផលិតផលនៅលើហ្វេសប៊ុក នេះជាលើកទី១
ដែលនាងខូចឈ្មោះដោយសារតែមានការផ្សាយមិនពិត។ អ្នកនាងថានឹងមានវិធានការផ្លូវច្បាប់ ប្រសិនបើនៅតែមានការបង្ខូចឈ្មោះថាអ្នកនាងបើកបុកម៉ូតូ និងបង្ខំអោយម្ចាស់ម៉ូតូធ្វើការសុំទោសបណ្ដាលអោយនាងខូចឈ្មោះបន្ថែមទៀត៕ ដោយ-គីម ស្រីរ័ត្ន